(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើហិរញ្ញប្បទានបន្ថែម ក្នុងទឹកប្រាក់៥០លានដុល្លារ ដើម្បីជួយបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សាររបស់កសិករខ្នាតតូច ក្នុងឃុំចំនួន២៧១ ជុំវិញបឹងទន្លេសាប ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប បានទទួលការអនុម័តដំបូង កាលពីខែធ្នូ ឆ្នាំ២០០៩ ជាមួយនឹងទឹកប្រាក់សរុប ៥១.១៥ លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថែមទៀតថា ចាប់តាំងពីពេលនោះមក គម្រោងនេះបានជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាច្រើន ដូចជា៖ ផ្លូវលំជនបទ និងហេដ្ឋារចនា-សម្ព័ន្ធផ្សេងៗ ក៏ដូចជាបានលើកកម្ពស់ការងារកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន១៩៦ ក្នុងខេត្តចំនួន៥ ដូចជា បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និងត្បូងឃ្មុំ ជាដើម។

ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយឲ្យមានការបន្ថែមសមាសភាគគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ទៅក្នុងកម្មវិធីនេះ និងជួយពង្រីកវិសាលភាពនៃកម្មវិធីនេះដល់ឃុំចំនួន៧៥ទៀត ក្នុងខេត្តកំពង់ធំ និងខេត្តថ្មីពីរទៀត គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង។

អ្នកស្រី Thuy Trang Dang អ្នកឯកទេសផ្នែកធនធានទឹកនៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយរដ្ឋាភិបាលបង្កើនផលិតភាពកសិកម្ម ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាបដើម្បីផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច និងបង្កើតជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន។ សហគមន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែអាចធន់ទ្រាំជាមួយនឹងអាកាសធាតុ នឹងអាចធូរស្រាលពីគ្រោះមហន្តរាយធម្មជាតិនានាបានយ៉ាងឆាប់រហ័ស»

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសារតែវិស័យនេះ ផ្តល់ការងារដល់ប្រមាណជា៧០% នៃគ្រួសារដែលរស់នៅតាមតំបន់ជនបទ និងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាលពីពេលថ្មីៗនេះផងដែរ។ អត្រានៃភាពក្រីក្ររបស់កម្ពុជា បានថយចុះដល់ក្រោម១៤% ក្នុងឆ្នាំ២០១៤ ពី៥៣% កាលពីឆ្នាំ២០០៤។

ប៉ុន្តែកំណើនក្នុងវិស័យនេះ បានថមថយ ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិស័យកសិកម្មប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ ការរិចរឹលនៃធនធានធម្មជាតិ ផលិតភាពមានកម្រិតទាប សង្វាក់តម្លៃនៅទន់ខ្សោយ និងភាពងាយរងគ្រោះខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ក៏ដូចជាការកសាង និងការស្តារឡើងវិញនូវផ្លូវលំជនបទ ដោយមានបញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ទៅក្នុងការរៀបចំគម្រោងទាំងនោះ។

ហិរញ្ញប្បទានបន្ថែមនេះ ក៏នឹងជួយឲ្យសហគមន៍ចេះ ធ្វើកសិកម្មដែលវៃឆ្លាតតាមស្ថានភាពអាកាសធាតុ បង្កើនលទ្ធភាពរបស់កសិករក្នុងការទទួលបានទិន្នន័យទីផ្សារ និងបន្តអភិវឌ្ឍសង្វាក់តម្លៃសម្រាប់កសិផលរបស់ខ្លួនផង។

គម្រោងនេះ ទទួលបានសហហិរញ្ញប្បទានពីហិរញ្ញប្បទានសម្បទាន ១០ លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍ៍កសិកម្ម និងការគាំទ្រពីរដ្ឋាភិបាលសមមូលនឹងទឹកប្រាក់ ៦ លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ីមានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាដល់ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងប្រារព្វខួបលើកទី៥០ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងតំបន់។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធរបស់សមាជិកចំនួន ៦៧ប្រទេស ក្នុងនោះមានប្រទេសចំនួន ៤៨ ស្ថិតនៅក្នុងតំបន់។ ក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយសរុបចំនួន ៣១,៧ពាន់លានដុល្លារ ក្នុងនោះរួមមាន ១៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទាន៕