(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទើបប្រលងជាប់ធម្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០១៧ ក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកព្រៃឈរ បាននាំយករង្វាន់ម៉ូតូម៉ាកហុងដា Wave ចំនួន ៥គ្រឿង និងថវិកាជាង ២១លានរៀល ប្រគល់ជូនសិស្សឆ្នើមនិទ្ទេស A ចំនួន ៥រូប និងសិស្សពូកែ និងធម្យម ចំនួន ៣៧៤នាក់ (ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល) លោកគ្រូ-អ្នកគ្រូ ចំនួន ១៥នាក់ (ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល) ព្រមទាំងអាណាព្យាបាលសិស្ស និងមន្ត្រីមូលដ្ឋានចំនួន ៤២នាក់ (ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល)។

ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត និងថវិកា ត្រូវបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនស្រុកព្រៃឈរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរ និងបានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនសិស្សានុសិស្សអំពីប្រវត្តិនៃការកសាងឡើងវិញយ៉ាងលំបាកនូវវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតទទួលបានការរីកចម្រើនដូចសព្វថ្ងៃ។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យថែមទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជា និងពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ សំដៅចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ព្រមទាំងក្លាយជាពលរដ្ឋគំរូនៅក្នុងសង្គម។ ជាងនេះទៀតលោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវរួមគ្នារក្សាសន្តិភាព និងស្ថេរភាពបច្ចុប្បន្ន និងត្រូវរស់នៅដោយមានការពិចារណាខ្ពស់ ដើម្បីចៀសវៀងចាញ់បោកការភូតភរ ដែលនាំឲ្យបាត់បង់អនាគត និងធ្វើឲ្យអន្តរាយដល់ប្រទេសជាតិ។

យោងតាមរបាយការណ៍របស់គណៈមូលដ្ឋាន បានបង្ហាញថានៅទូទាំងស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០១៧ មានបេក្ខជនប្រឡងមធ្យមសិក្សាបត្រទុតិយភូមិចំនួន ៧៥៨នាក់ ហើយបានប្រឡងជាប់ចំនួន ៣៧៤នាក់ ត្រូវជា ៤៩.៣៤% ដែលក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ៥រូប, និទ្ទេស B ចំនួន ១៦រូប, និទ្ទេស C ចំនួន ៤៤រូប, និទ្ទេស D ចំនួន ៥៩រូប និងនិទ្ទេស E ចំនួន ២៥០រូប៕