(ភ្នំពេញ)៖ ក្នុងពិធីរំលឹកខួបនៃការបាត់បង់ជីវិតអ្នកកាសែត​ ក្នុងឆ្នាំ១៩៧០-១៩៧៥ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រកាសជាថ្មីម្ដងទៀតថា ក្រសួងមិនបានបិទវិទ្យុអាស៊ីសេរីនោះទេ ដោយគ្រាន់តែចង់ឲ្យបំពេញតាមផ្លូវច្បាប់កម្ពុជាតែប៉ុណ្ណោះ ប៉ុន្ដែវិទ្យុអាស៊ីសេរីមិនបានបំពេញ ហើយក៏បិទដោយខ្លួនឯង។

ទន្ទឹងនឹងការបិទការិយាល័យរបស់ខ្លួននៅកម្ពុជានេះ លោករដ្ឋមន្ដ្រីអះអាងថា បុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានកាតនៅសុពលភាពនោះ អាចទៅយកព័ត៌មានបានដូចធម្មតា ប៉ុន្ដែនៅពេលកាតនោះផុតសុពលភាព ប្រសិនបើបុគ្គលិកវិទ្យុនេះនៅបន្ដសកម្មភាពនោះ អាចនឹងប្រឈមមុខចំពោះមុខជាមិនខាន។

​លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សេរីភាពសារព័ត៌មាននៅកម្ពុជាធានាបានដោយរដ្ឋធម្មនុញ្ញ ចឹងអ្នកណាក៏យកព័ត៌មានបានដែរ ប៉ុន្ដែដោយសារគាត់អត់មានអាជ្ញាប័ណ្ណ អ្នកមានកាតអ្នកកាសែតបើគាត់ចូលទៅយកកន្លែងណាដែលគេហៅថា កន្លែងដែលមានភាពរំញោច កន្លែងដែលសុវត្ថិភាពគាត់នឹងជាប់ទោស ពីព្រោះពេលហ្នឹងគាត់មិនមែនជាអ្នកកាសែត ដូច្នេះគេអាចចោទគាត់ជាអ្នកចារកម្ម ប៉ុន្ដែបើប័ណ្ណគាត់នៅមានសុពលភាពអត់ខុសទេ»

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា «តើវិទ្យុអាស៊ីសេរីអាចបើកដំណើរការវិញបានឬទេ» លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ខ្ញុំអត់បានបិទផង គាត់ចង់បើកលូវធម្មតាមានអ្នកណាទាន់បិទ គឺបើកក៏ខ្លួនគាត់បិទក៏ខ្លួនគាត់ លូវរាល់ថ្ងៃយើងមានដែលប្រកាសបិទគាត់ណា»

លោកបានបង្ហាញគោលជំហរថា ចង់ឲ្យវិទ្យុអាស៊ីសេរីមានការិយាល័យផ្ទាល់នៅរាជធានីភ្នំពេញ ដើម្បីងាយស្រួលនៅពេលវិទ្យុបរទេសមួយនេះផ្សាយខុស ក្រសួងងាយស្រួលក្នុងការផ្ញើលិខិតឲ្យធ្វើការកែប្រែ ប៉ុន្ដែវិទ្យុអាស៊ីសេរី មិនចង់ធ្វើការកែប្រែ ឬបំភ្លឺទើបសម្រេចបិទការិយាល័យតែម្ដង។

សូមជម្រាបថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន ​នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ។ ជាមួយគ្នានេះកាសែត Cambodia Daily ក៏សម្រេចបិទស្ថាប័នរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោយពេលមិនអាចបង់ពន្ធដែលជំពាក់រដ្ឋជាង៦លានដុល្លារបាន៕​