(ភ្នំពេញ)៖ លោក ស្វាញ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិអង់គ្លេស ដាក់ពន្ធនាគារ៨ខែ ពីបទ ឆបោក ដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា នៅអំឡុងឆ្នាំ២០០៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។ សាលក្រមដដែល ក៏បានសម្រេចលើកលែងការចោទប្រកាន់លើបុរសអង់គ្លេស ពីបទលួចចូលមកស្នាក់នៅ ធ្វើការដោយគ្មានសៀវភៅស្នាក់នៅ និងបទប្រើប្រាសឯកសារ ដែលមិនមែនជាឈ្មោះរបស់ខ្លួន ប្រព្រឹត្តកាលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ពេលប្រកាសសាលក្រម អនុរ័ក្សពន្ធនាគារពុំបានបញ្ជូនជនជាប់ចោទជនជាតិអង់គ្លេសមកតុលាការនោះទេ។ ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាប្រធានក្រុមហ៊ុន Springtide International Co. មានអាស័យដ្ឋាននៅក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃឃាត់ខ្លួន នៅមុខហាងកាហ្វេមួយ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីសាកសួរពាក់ព័ន្ធ
ចូលមកស្នាក់នៅកម្ពុជាខុសច្បាប់។

បន្ទាប់ពីសាកសួរដំណើររឿងចូលមកស្នាក់ប្រទេសកម្ពុជា គ្មានច្បាប់ទំលាប់នោះ សមត្ថកិច្ចនគរបាលក៏បានដីកាឲ្យស្វែងរកចាប់ខ្លួនឈ្មោះ TOBY JAMIE NELHAMS នេះ ពាក់ពន្ធករណីឃាតកម្មទៅលើជនជាតិអៀកឡង់ម្នាក់ឈ្មោះ TONY KENWAY ភេទប្រុស អាយុ៣៩ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នៃ២០១៧ នៅទីក្រុងផាតាយ៉ា ប្រទេសថៃផងដែរ។

ជនជាតិអង់គ្លេសអាចជាប់សង្ស័យជាមេគំនិត សម្លាប់ជនជាតិអៀកឡង់ មូលហេតុខឹងជនជាតិអៀកឡង់ជំពាក់ ប្រាក់ចំនួន៨លាន៥សែនបាត ក្នុងមុខជំនួញរកស៊ីដាក់ហ៊ុនជាមួយគ្នានៅប្រទេសថៃ។ ក្រោយពេលសម្លាប់ជនជាតិអៀកឡង់រួចហើយ ជនជាតិអង់គ្លេសរូបនេះ បានរត់គេចខ្លួនលួចចូលមកស្នាក់នៅប្រទេសកម្ពុជា និងបានប្រកបមុខរបររកស៊ីបើកធ្វើក្រុមហ៊ុន ដោយបានពឹងពាក់មន្រ្តីយោធាម្នាក់ នៅក្រុងព្រះសីហនុ ឲ្យជួយរត់ការរួមទាំងអាជ្ញាប័ណ្ណបើកក្រុមហ៊ុន ទៅក្រសួងពាណិជ្ជកម្មផងដែរ។

ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជាក្នុង អំឡុងឆ្នាំ២០១៥ហើយ បានទិញផលិតផលពីក្រុមហ៊ុនស្ព៊ីងថាយ យកទៅលក់នៅបរទេសវិញ។ ចំពោះលិខិតឆ្លងដែនដែលខ្លួនគេប្រើប្រាស់ គឺបានបាត់នៅក្នុងពេលធ្វើដំណើរពីព្រលានយន្តហោះមកលំនៅស្ថានរបស់គាត់។
ទោះបីយ៉ាងណាជនជាប់ចោទបានបដិសេធថា ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុន springtide នោះទេ ហើយមូលហេតុចម្បងដែលខ្លួនគេចូលមកប្រទេសកម្ពុជា គឺដើម្បីមកលេងក្រុមគ្រួសារដែលរស់នៅកម្ពុជាប៉ុណ្ណោះ៕