(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលអាចរងគ្រោះ ដោយឥទ្ធិពលជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងរាជធានីភ្នំពេញ កណ្តាល និងស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ​។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននោះ សម្ដេចតេជោ ហ៊ុន សែន ​បានស្នើឲ្យក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង ពិសេសប្រសិនបើទឹកស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ មានការកើនឡើង ត្រូវជម្លៀសកុំឲ្យចូលរាជធានីភ្នំពេញ។

ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេច​អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សរុប២,៨៣៨នាក់ នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។​

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលអាចនឹងទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ហើយ ក៏បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងមកដល់នៅក្នុងប៉ុន្មានថ្ងៃនេះ អាចមានកន្លែងខ្លះច្រើនកន្លែងខ្លះតិច ការប្រុងប្រយ័ត្នគឺជារឿងចាំបាច់ ហើយយើងត្រូវប្រុងប្រយ័ត្នសម្រាប់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល កំពង់ស្ពឺត្រូវប្រយ័ត្នខ្លាំងជាងគេ គឺជំនន់ព្រែកត្នោតតែម្ដង បើសិនជាជំនន់ព្រែកត្នោត ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរក្រុងភ្នំពេញ ត្រូវដោះស្រាយវារបៀបមិច ដើម្បីជម្លៀសកុំឲ្យចូលពីទិសខាងលិច ដែលឥឡូវនេះទិសខាងលិចទាំងឡាយ សុទ្ធតែជាតំបន់រោងចក្រទាំងអស់»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកពីស្ថានភាពគ្រោះកាលពីឆ្នាំ២០០០ ដោយសារតែជំនន់ទឹកព្រែកត្នោត ខេត្តកំពង់ស្ពឺ ​បានបុកទម្លាយចូលមក នៅតំបន់សាក់សំពៅ តំបន់មួយចំនួនខាងលិច ដែលកាលនោះត្រូវកាត់ផ្លូវជាតិលេខ២ ម្ដុំព្រែកអាទាំង ដើម្បីបង្ហូរបញ្ជៀសចេញ។

សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា បណ្តារាជធានី ខេត្តចំនួន១៧ នៃប្រទេសកម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។

រាជធានីខេត្តទាំង១៧នោះរួមមាន៖ ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ លើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕