(ភ្នំពេញ)៖ «ពីក្រុងភ្នំ​ពេញ​​ ទៅញូវយ៉ក ​តើ​គេ​​ធ្វើ​អ្វី​ខ្លះ​​​នៅអង្គការសហប្រជាជាតិ?» គឺជាចំណងជើងនៃសៀវភៅមួយដ៏ថ្មីស្រឡាង ត្រូវបានចេញផ្សាយជាសាធារណៈហើយ កាលពីថៃ្ងអង្គារ៌ ពុធនេះ ។

លោក យោងចាន់ សុភារ ជាអ្នកការទូតវ័យក្មេងមួយរូប ប្រចាំនៅអង្គការសហប្រជាជាតិ បានចំណាយពេលជិត២ឆ្នាំ ទម្រាំសរសេរសៀវភៅមួយក្បាលនេះចប់។

​នៅក្នុងសៀវភៅដែលមានរំលេចក្របខាងមុខ ដោយស្លាកអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ លោក យោងចាន់ សុភារ បាន​និយាយប្រាប់ថា ក្រៅពីរៀបរាប់ពីការងារការទូត​ និងកិច្ចការដ៏ចាក់ស្រេះនៅអង្គការ​សហ​ប្រជាជាតិ លោកក៏បានបរិយាយ​ពី​ការប្រជែងអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរវាងរដ្ឋាភិបាល​កម្ពុជា​​ពេល​នោះ និងក្រុមខ្មែរ​ក្រហម អំពីដំណើរការក្តីក្តាំនៃប្រាសាទព្រះវិហារជាមួយថៃ និងការ​សុំខ្ចី​ផែនទីកម្ពុជានៅ UN មក​ផ្ទៀង​ផ្ទាត់​នៅភ្នំពេញ ដែលរូបលោកផ្ទាល់បានសួរនាំនៅបណ្ណាល័យ Dag Hammarskjold នៅក្រុង​ញូវយ៉ក តាមការណែនាំពីរាជរដ្ឋាភិបាលក្រុងភ្នំពេញ។

លោក​បានបន្ថែមថា បើចង់ដឹងថា ការជ្រើសរើសអគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ​យ៉ាងដូចមេ្តច តើគាត់មា​ន​អំណាច​ដូចជា នាយករដ្ឋមន្រ្តីនៃប្រទេស​មួយ​ដែរឬទេ? និងបើចង់ដឹងថា សេចក្តីសម្រេចនៅមហាសន្និបាត និងនៅក្រុម​ប្រឹក្សាសន្តិសុខ មានទម្ងន់ដូចគ្នាឬទេ? និងបោះឆ្នោតគេយកសំឡេងបែបម៉េច? ចរចាបែបណា និង​ពាក់ព័ន្ធ​អ្វីខ្លះសំរាប់កម្ពុជា និងកម្ពុជាមានបានដាក់បេក្ខភាពអ្វីខ្លះ​នៅ​អង្គការ​សហ​ប្រជាជាតិ? សូមស្វែង​រក​​អាន​​សៀវ​ភៅខាង​លើនេះ។

លោក យោងចាន់ សុភារ បានឆ្លងកាត់ជាអ្នកការទូតទៅបំពេញបេសកកម្ម នៅក្រុងញូយ៉កអស់ រយៈពេល៦ឆ្នាំ​ បូករួម​ទាំងអណ្ណតិទី១ កាល​ពីឆ្នាំ២០០៥។ បច្ចុប្បន្នលោក ជាប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងលោកក៏ជា​សាស្រ្តាចារ្យ​ក្រៅម៉ោង ​នៅ​សាកល​វិទ្យា​ល័យភូមិន្ទ​​ភ្នំពេញ នៃដេប៉ាតដឺម៉ង់សិក្សា​អន្តរជាតិ។

លោក សុភារ ថានិយាយថា មូលហេតុដែលលោកសម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះ ព្រោះលោក «ចង់ឲ្យអ្នកអាន អ្នក​សិក្សា​ខ្មែរយើងមាន​ចំណេះ​ទូលាយ យល់ដឹងពីអ្វីដែលគេបាននិងកំពុងធ្វើលើឆាកអន្តរជាតិ និងថា ការ​យល់​ដឹងពីការវិវឌ្ឍ​ក្នុង​ប្រទេស​តែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវបើកចក្ខុវិស័យឱ្យទូលាយ​ទៅកាន់​កិច្ចការ​ពិភព​លោក ដែល​កំពុង​វិវឌ្ឍន៍យ៉ាងលឿនស្លេវនាពេលបច្ចុបន្ននេះ»។

លោក សំណូមពរមិត្តអ្នកអាន ស្វែងរកជាវសៀវភៅច្បាប់ដើម និងគួរជៀសវាងការលួចថតចម្លងចែកចាយ ដែលជាអំពើខុសច្បាប់ទៅនឹងកម្មសិទ្ធបញ្ញា៕