(ភ្នំពេញ)៖ ភក្តីឡដ៏ (pheakdeylaw) គឺជាបណ្ណាល័យអេឡិចត្រូនិច ដែលផ្ទុកដោយបណ្តុំឯកសារច្បាប់ដ៏សំបូរបែប ដែលចងក្រង និងបង្កើតកូនខ្មែរ ជាអ្នកជំនាញផ្នែកច្បាប់។

បណ្ណាល័យអេឡិចត្រូនិចនេះ មានគេហទំព័រឈ្មោះ www.pheakdeylaw.com ប្រមូលផ្តុំដោយឯកសារគ្រប់វិស័យ ដែលរៀបចំយ៉ាងមានរបៀបរៀបរយកតាមប្រភេទ ដើម្បីជួយអ្នកអានងាយស្រួលរក និងងាយស្រួលអានផងដែរ។

ចំនែកការប្រើប្រាស់វិញ គឺទាមទារឲ្យអ្នកប្រើប្រាស់ទិញលេខកូដកាត (Pre-Paid Card) ដើម្បីយកមកចុះឈ្មោះប្រើប្រាស់ ដោយចំណាយត្រឹមតែ១ដុល្លារ អាចប្រើប្រាស់បានរយៈពេល៥ម៉ោង និងទាញយកឯកសារបានដោយសេរី ហើយលេខកូដកាតនឹងចាប់ផ្តើមលក់នៅថ្ងៃទី ១ ខែ តុលា ខាងមុខនេះ នៅបណ្ណាគារនគរធំ និងតាមតូបកាសែតមួយចំនួន ។

លោក ភក្តី ជាអ្នកស្ថាបនិកបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ថា រយៈពេល១៣ឆ្នាំដែលបានប្រមូលចងក្រងនូវឯកសារទាំងនេះ ហើយលោកសង្ឃឹមថា ការងារនេះនឹងជាបណ្ណាល័យមួយ សម្រាប់និស្សិតច្បាប់ សាស្រ្តាចារ្យ ជាពិសេស អ្នកដែលកំពុងប្រកបវិជ្ជាជីវៈច្បាប់ ព្រោះឯកសារទាំងនេះសុទ្ធតែឯកសារផ្លូវការ៕