(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

ការថ្លែងបង្ហាញពីការគ្មានជំនឿទៅលើសហរដ្ឋអាមេរិក ក្នុងការយកគ្រាប់បែកគីមីក្នុងខេត្តស្វាយរៀង និងបញ្ជាឲ្យប្រើកញ្ចប់ថវិកាពិសេសដើម្បីដោះស្រាយបញ្ហាសង្រ្គោះជីវិតប្រជាពលរដ្ឋនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យចេនឡាជិត៣ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់ ដែលបានរកឃើញគ្រាប់បែកគីមីនោះ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យដោះស្រាយបញ្ហានេះឲ្យបានមុនសិស្សចូលរៀនវិញ ហើយបើសិស្សចូលរៀន ក៏ត្រូវជម្លៀសពួកគេផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងទេយើងត្រូវធ្វើបើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សូមឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅដេកដល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិកមកយកទេគ្រាប់ហ្នឹងនោះ អ៊ីចឹងទេសុវត្ថិភាពខ្លួនឯង។ យើងត្រូវដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មាធិការជាតិអាវុធគីមីរបស់យើង ហើយត្រូវជម្លៀសប្រជាជន ហើយបើត្រូវធ្វើតាមរយៈអ្នកឯកទេសអាវុធគីមីរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «នេះជាលទ្ធផលនៃសង្រ្គាមពីអតីតកាល ដែលបន្សល់ទុកឲ្យយើង»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា គ្រាប់បែកគីមី គឺជាអាវុធដ៏ប្រល័យ និងគ្រោះថ្នាក់បំផុតនៅលើពិភពលោក ហើយគ្រាប់បែកគីមីនេះហើយ ដែលអាមេរិក បានយកជាលេស ដើម្បីលោក សាដាំ ហ៊ូសេន ពីតំណែង។

គ្រាប់បែកគីមីរបស់អាមេរិកបន្សល់លើដីខ្មែរពីសម័យសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលអាជ្ញាធរកម្ពុជា បានរកឃើញ ហើយកំពុងបង្កជាការភ័យខ្លាចខ្លាំងដល់ប្រជាពលរដ្ឋខ្មែរនេះមានចំនួនពីរគ្រាប់ ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមួយគ្រាប់ស្ថិតនៅក្បែរវត្ត និងមួយគ្រាប់ទៀតស្ថិតនៅក្បែរសាលារៀន។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានឲ្យ Fresh News ដឹងថា គ្រាប់បែកគីមីនោះ ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីបញ្ហាគ្រាប់បែកគីមីនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ទៅមើលគ្រាប់បែកគីមីនោះ ព្រមទាំងស្នើដល់រដ្ឋាភិបាលអាមេរិកឲ្យពិចារណាឡើងវិញពីបញ្ហាគ្រាប់បែកនៅលើដីកម្ពុជា ដែលអាមេរិកបានទម្លាក់ពីសម័យសង្រ្គាមប្រមាណ ២លាន ៧សែនតោន ដោយមិនត្រូវគិតតែអដ្ឋិធាតុទាហានអាមេរិក និងបំណុលនោះឡើយ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។ ជាពិសេសគ្រាប់បែកគីមីរបស់អាមេរិក នៅតែបន្តធ្វើឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្ន ដែលក្នុងនោះកុមារខ្មែរមួយចំនួន ត្រូវជួបពិការភាពតាំងពីកំណើតព្រោះសារធាតុគីមីនេះ៕