(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង ដែលលួចបង្កប់សុទ្ធតែឈើប្រណិតមានតម្លៃរាប់ពាន់ដុល្លារ។ ប្រតិបត្តការបង្ក្រាបរថយន្ដដឹកភ្ញៀវបង្កប់ឈើប្រណិតនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។

សមត្ថកិច្ចបានលួចបង្ហើបដល់ភ្នាក់ងារ Fresh News ឲ្យដឹងថា រថយន្ដមួយគ្រឿងនោះ ដឹកភ្ញៀវចេញពីខេត្តរតនគីរី ទៅភ្នំពេញ តែត្រូវអស់លក្ខ័ជាប់អន្ទាក់សមត្ថកិច្ច ហើយរថយន្ដមួយគ្រឿងនោះ បើតាមការត្រួតពនិត្យមើលក្នុង​រថយន្ដអាចសន្និដ្ឋានថា ធ្លាប់ដឹកឈើច្រើនជើងហើយ ប៉ុន្ដែសមត្ថកិច្ចមិនបានដឹងទើបតែពេលនេះ ត្រូវបានបែកការត្រូវបង្ក្រាប ប៉ុន្តែមិនស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ដនោះទេ ព្រោះអ្នកបើកបររត់គេចខ្លួនបាត់។

នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងទៀតថា ឈើទាំងនោះជាប្រភេទឈើប្រណិត តែមិនទាន់ដឹងតួលេខនោះទេ ព្រោះមិនទាន់ធ្វើការវាស់វែង ហើយឈើ និងរថយន្ថមួយគ្រឿងនោះ ត្រូវបានកម្លាំងរបស់លោកយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះឈើខ្សាដើម្បីបំពេញនីតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ៕