(ព្រះសីហនុ)៖ នៅព្រឹក​ថ្ងៃទី​២​៨ ​ខែ​កញ្ញា ឆ្នាំ២០១៧​នេះ​ រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ​សូ​គី​មិច​ មួយ​គ្រឿង​បាន​ឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្ថិតនៅទួល​អូរ​កំបុតខាងកើតស្ពានទឹកសាប ក្នុង​ឃុំ​រាម ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មូលហេតុដែលបណ្តា​លឲ្យឆេះនេះ គឺមកពីរថយន្ត​នោះ​បែកកង់​មុខហើយ​អ្នក​បើកបរ​ បាន​ព្យាយាមបើក​អែប​ចូល​ខាង​ក៏ក្រឡកស៊ីទែន គួបផ្សំកង់ដែលបែកកកិត ជាមួយថ្នល់បែកផ្កាភ្លើងឆាបឆេះ​តែម្តង​។

អ្នកឃើញហេតុការណ៍នេះ បានភ័យរន្ធត់ស្ទើរគ្រប់គ្នាដោយសារតែអណ្តាតភ្លើងឆេះសន្ធោរសន្ធៅខ្លាំងពេក ប៉ុន្តែ​ដោយ​សារ​សម័យ​បច្ចេក​វិទ្យា​ទំនើប​ ការ​ផ្តល់​ព័ត៌មាន​បាន​រហ័ស​ទាន់​ហេតុការណ៍​ រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ រួម​ជាមួយ​កង​រាជ​អាវុធហត្ថ​ខេត្ត​ បាន​ចេញ​ធ្វើអន្តរាគមន៍​ សង្គ្រោះ​បាន​ទាន់ពេល​វេលាបើមិនដូច្នោះទេ និងកើតគ្រោះ​ធំមិនខាន។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចររបស់លោកបានពន្លត់អស់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ហើយ​មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ៕