(អឺរ៉ុប)៖ ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស ពិសេសពលរដ្ឋខ្មែរដែលទៅរស់នៅក្រៅប្រទេស តែងតែសង្កេតឃើញថា ទង្វើរបស់លោក ហ៊ុន ម៉ាណែត នៅពេលដែល លោកចេញទៅបរទេសម្ដងៗ គឺមិនដែលទាល់តែសោះក្នុងការញុះញង់ឲ្យខ្មែរ និងខ្មែរមានគំនិតគុំគួនជាមួយគ្នានោះទេ ហើយទង្វើបែបនេះរបស់លោកត្រូវបានគេមើលឃើញថា ផ្ទុយពីអ្នកនយោបាយមួយចំនួនដែលនៅពេលចេញទៅក្រៅប្រទេស តែងតែញុះញង់ឲ្យខ្មែរនិងខ្មែរឈ្លោះគ្នា ព្រមទាំងនិយាយអាក្រក់ពីខ្មែរប្រាប់ទៅបរទេស។

ក្រៅពីមិនបានញុះញង់ឲ្យខ្មែរនៅក្រៅប្រទេស មានគំនិតគុំគួនគ្នាហើយនោះ លោក ហ៊ុន ម៉ាណែត នៅពេលចេញទៅក្រៅប្រទេសម្ដងៗ តែងបា្ររព្ធពិធីជួបជុំ កម្សាន្ដសប្បាយ និងបានរៀបរាប់ប្រាប់ពីការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ជូនបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសថែមទៀតផង។

ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំក្រុមការងារបំពេញបេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងរៀនសូត្រនៅប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។

នាអំឡុងការបង្ហាញវត្តមានជាលើកទី៣របស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសអង់គ្លេស និងប្រទេសស្វីសនារយៈពេលប៉ុន្មានថ្ងៃនេះ​ គេសង្កេតឃើញមានវត្តមាន បងប្អូនប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនបានមកទទួលស្វាគមន៍យ៉ាងរីករាយជាទីបំផុត ប្រកបដោយភាពស្និតស្នាល​ ក្នុងនាមខ្មែរតែមួយ ដែលទាំងនេះបង្ហាញនូវភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសនោះ បងប្អូនខ្មែរនៅតាមប្រទេសទាំងនោះ បានយល់ច្បាស់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមគ្នានេះ ក៏មានវត្តមានការតវ៉ាប្រឆាំងមួយក្តាប់តូចផងដែរ ចំពោះវត្តមានកូនប្រុសច្បងដ៏មានប្រជាប្រីយភាព លោក ហ៊ុន ម៉ាណែត ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ពោលគេសង្កេតឃើញនៅអាល្លឺម៉ង់ ត្រឹម២០ទៅ៣០នាក់ ខណៈពលរដ្ឋរាប់រយនាក់បានទៅទទួលរាក់ទាក់ និងស្វាគមន៍លោក ហ៊ុន ម៉ាណែត និងក្រុមការងារ។

ថ្លែងនៅ​ចំពោះបងប្អូនខ្មែរនៅទីនោះ លោក ហ៊ុន​ ម៉ាណែត បានប្រកាសថា «សូមពូមីងជឿចុះរាជរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវចំពោះជាតិមាតុភូមិ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ​ ទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ អ្វីក៏ដោយមិនយកប្រជាជនជាសត្រូវ ​គឺជួយប្រជាពលរដ្ឋដោះស្រាយ ទុកលំបាករបស់ប្រជាពលរដ្ឋ ការពារទឹកដីដែលយើងធ្វើបាន។​ ជាពិសេសប្រជាពលរដ្ឋក្រីក្ររបស់យើងនេះហើយ គឺអ្វីដែលជាការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងការអនុវត្តនយោបាយថ្មីៗ ទាំងអស់ដើម្បីជួយដល់ប្រជាពលរដ្ឋ អ៊ុពូមីងបានដឹងហើយ»

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ព្រោះតែអញ្ចឹងហើយ ប្រទេសយើងពីសង្គ្រាមកន្លងមកទម្រាំបានប៉ុណ្ណេះ ហើយយើងបន្តរីកទៅទៀត ជាពិសេសស្មារតីរួបរួមគ្នានេះហើយ ដែលមិនធ្វើឲ្យខ្មែរបែកបាក់ទាំងក្នុង និងក្រៅប្រទេសភាពអត់ធ្មត់​ ភាពមិនលាបពណ៌គ្នា ការសាមគ្គីគ្នាទទួលស្គាល់ នូវគំនិតខុសគ្នា ប៉ុន្តែយើងមិនយកខ្មែរណាជាសត្រូវ។ នេះហើយជាអ្វីយើងជាខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេសត្រូវតែបន្តដើម្បីជ្រោងទង់ជាតិ យើងនៅលើឆាកអន្តរជាតិ ជាតិយើងទុកឲ្យកូនចៅយើងជំនាន់ក្រោយកាន់តែមានមោទនភាព»៕