(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមិត្តភ័ក្តិដែលជាសិស្សរួមជំនាន់នៅសាលាបាក់ទូក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរួមដំណើរជាមួយអតីតលោកគ្រូគណិតវិទ្យា អញ្ជើញទៅសួរសុខទុក្ខ និងនាំថវិកាមួយចំនួនជូនដល់មិត្តភ័ក្តិម្នាក់ ដែលកំពុងសម្រាកព្យាលបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ពាក្យចាស់លោកពោលថា គ្រាន់តែនិយាយមិនស្មើទង្វើ គ្រាន់តែឮគេថាមិនស្មើឃើញផ្ទាល់ភ្នែក មិត្តល្អជួយគ្នាក្នុងគ្រាក្រលំបាក បើយើងគ្រាន់តែចេះសុភាសិត តែមិនបានយកមកអនុវត្ត ក៏មិនចាត់ទុកថាជាល្អដែរ។

ដោយឡែក អតីតសិស្សរួមជំនាន់សាលាបាក់ទូកមួយក្រុម បានប្រមូលផ្តុំគ្នាជាង២០០នាក់ តាមរយៈការចងក្រងជាក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រោមការផ្តួចផ្តើមរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែមានសកម្មភាពរួបរួមជួយគ្នាក្នុងគ្រាក្រលំបាក មិនដែលមានខកខានម្តងណាឡើយ។

ជាច្រើនលើកច្រើនសារមកហើយ ពួកគាត់តែងខ្នះខ្នែងជួយដល់មិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នា ជួយដល់អតីតលោកគ្រូអ្នកគ្រូដែលធ្លាប់អប់រំទូន្មានប្រៀន ប្រដៅផ្តល់ចំណេះដឹងដល់ពួកគាត់ និងជួយកសាងអភិវឌ្ឍន៍សមិទ្ធផលមួយចំនួន ក្នុងសាលារៀនដែលពួកគាត់ធ្លាប់បានទៅជ្រកកោនក្រេបជញ្ជក់ចំណេះវិជ្ជា។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សកម្មភាពដដែលបានកើតឡើងថ្មីទៀត នោះគឺពួកគាត់បានជ្រោមជ្រែងគ្នានាំយកមិត្តភក្តិម្នាក់ឈ្មោះ ប៉ែន សុខន ដែលមានជំងឺតាំងពីខេត្តកំពត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងយកចិត្តទុកដាក់ជួយតាមដានសុខទុក្ខគ្នាជាប់ជាប្រចាំ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយនៅរសៀលថ្ងៃនេះដែរ ក្រុមសិស្សរួមជំនាន់សាលាបាក់ទូកមួយនេះ មានទាំងវត្តមានអតីតលោកគ្រូគណិតវិទ្យាដ៏ល្បីនៃសាលាបាក់ទូក គឺលោកគ្រូ គុំ ពិន ផងដែរនោះ បាននាំគ្នាទៅសួរសុខទុក្ខមិត្ត ប៉ែន សុខន ដល់មន្ទីពេទ្យកាល់ម៉ែត ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយសម្ភារៈ និងថវិកាចំនួន ៣,៧០៥ដុល្លារ ដែលជាទឹកចិត្តសប្បុរសរបស់មិត្តរួមជំនាន់ រួមគ្នាបរិច្ចាគតាមលទ្ធភាពផងដែរ៕