(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះនៅវិមានសន្តិភាព។ នេះបេីតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីជូនដំណឹង ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា នេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំតាមមន្ទីរអប់រំ និងនាយកសាលាមានសិស្សជាប់និទ្ទេសA ក៏នឹងអនុញ្ញាតឲ្យចូលជួបសំណេះសំណាលជាមួយសម្តេចផងដែរ។

សូមជំរាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០១៧នេះ បេក្ខជនទទួលនិទ្ទេស A មានចំនួន ៤២៤នាក់ ខណៈដែលសិស្សប្រឡងជាប់បាក់ឌុបសរុប ៦៣,៦៦៨នាក់ ស្មេី៦៣.៨៤%។

សិស្សប្រឡងបាក់ឌុប ឆ្នាំ២០១៧ ដែលទទួលនិទ្ទេស A ទាំង ៤២៤នាក់ នេះ គឺមករាជធានីភ្នំពេញ ចំនួន១៩៤នាក់, សៀមរាប ចំនួន៤៧នាក់, កណ្ដាល ចំនួន២៦នាក់, បាត់ដំបង ចំនួន២៣នាក់, កំពត ចំនួន២១នាក់, កំពង់ចាម ចំនួន២០នាក់, ព្រៃវែង ចំនួន១២នាក់, បន្ទាយមានជ័យ ចំនួន១២នាក់, កំពង់ឆ្នាំង ចំនួន១២នាក់, ព្រះសីហនុ ចំនួន៩នាក់, កំពង់ធំ ចំនួន៩នាក់, តាកែវ ចំនួន៨នាក់, ត្បូងឃ្មុំ ចំនួន៧នាក់, ពោធិ៍សាត់ ចំនួន៦នាក់, ក្រចេះ ចំនួន៦នាក់, ស្វាយរៀង ចំនួន៥នាក់ , ព្រះវិហារ ចំនួន២នាក់, កែប ចំនួន២នាក់, កំពង់ស្ពឺ ចំនួន១នាក់, ប៉ៃលិន ចំនួន១នាក់ និងមកពីខេត្តកោះកុង ចំនួន១នាក់ ។

សូមរំលឹកថាកាលពីឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស (A) ៤០៥នាក់ នៅវិមានសន្តិភាពផងដែរ។  

ក្នុងជំនួបពេលនោះ ផ្តល់រង្វាន់លេីកទឹកចិត្តសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ក្នុងម្នាក់ៗថវិកា ២លានរៀល និង SumsungTablet ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលយកមកវិញពីប្រទេសហូឡង់) ចំនួន១ ជាអនុស្សាវរីយ៍ពីសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ជាការកត់សម្គាល់កំណែទម្រង់លេីវិស័យអប់រំ ជាពិសេសការប្រឡងបាក់ឌុបក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» រយៈពេល ៤ឆ្នាំកន្លងមកនេះ កំពុងផ្តល់នូវលទ្ធផលយ៉ាងគាប់ប្រសេីរក្នុងការចម្រាញ់យកអ្នកចេះដឹងពិតប្រាកដ និងច្បាស់លាស់។ ជាមួយការធ្វេីកំណែទម្រង់នេះ នៅឆ្នាំទី១ (២០១៤) មានសិស្សជាប់និទ្ទេស (A) ១១ នាក់, ឆ្នាំទី២ (២០១៥) មាន១០៨ នាក់, និងឆ្នាំទី៣ (២០១៦)មានសិស្សនិទ្ទេស (A) ចំនួន៤០៥ នាក់ និងឆ្នាំ២០១៧នេះ មានចំនួនរហូតដល់ ៤២៤នាក់៕