(កែប)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ២០១៧ ជាកាលបរិច្ឆេទប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តកែប (ជុំទី២) ដែលព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ។

ពិធីបុណ្យសមុទ្រត្រូវបានប្រារព្ធឡើងចំនួន ៥លើក រួចមកហើយ ហើយការប្រារព្ធឡើងជាថ្មីនៅខេត្តកែប នាពេលខាងមុខនេះ គឺជាលើកទី៦ បន្ទាប់ពីប្រារព្ធឡើងនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦។

ទន្ទឹមនឹងការត្រៀមខ្លួនក្នុងការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ ខាងមុខនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានជួបប្រជុំជាមួយគ្នាភាគីពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវ៊ឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីដាក់ផែនការយុទ្ធសាស្រ្តលម្អិត ក្នុងការៀបចំព្រឹត្តិការណ៍នេះ។ ជាក់ស្ដែង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធជាថ្មីម្ដងទៀត  ដើម្បីដាក់ផែនការយុទ្ធសាស្រ្តបន្ត ក្នុងការត្រៀមរៀបចំពិធីបុណ្យសមុទ្រនេះ។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីបានដាក់ចេញនូវផែនការសម្រាប់ត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ដូចខាងក្រោម៖
១៖ អាជ្ញាធរខេត្តរៀបចំកន្លែងកម្សាន្ត កន្លែងចតយានយន្តបញ្ជៀសការកកស្ទះចរាចរណ៍ ជំរុញការងារបង្កើតបង្គន់អនាម័យ និងបង្គន់ចល័ត និងទីតាំងដែលពាក់ព័ន្ធដទៃទៀត និងជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
២៖ ខិតខំបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
៣៖ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត សម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
៤៖ ត្រូវរៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឲ្យបានច្រើនកុះករ។
៥៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ពិពរណ៍ភ្លេីង សួនភ្លេីងក្រោមទឹក ការបង្ហាញ សិល្បៈភ្លេីងរាំ ការតាំងពិពរណ៍ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម កម្មវិធីបង្ហោះគោម កម្មវិធីជប់លៀងឆ្នេរខ្សាច់ សកម្មភាពកីឡា ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឲ្យបានល្អ និងអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងខេត្តជាសម្ព័ន្ធមិត្តចូលរួមសម្តែងផងដែរ។ ចំពោះកម្មកីឡាត្រូវរៀបចំប្រភេទកីឡាលើទឹក និងអាកាសឱ្យបានច្រើន ដូចជា ទូកក្តោង និងឆ័ត្រយោងម៉ាស៊ីន (Paramotor) និងត្រូវរៀបចំ ព្យុះហយាត្រាឱ្យបានល្អ។
៦៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ​ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
៧៖ ត្រៀមរថយន្តសង្គ្រោះ និងត្រៀមអ្នកសង្គ្រោះបឋម។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធក៏ត្រូវរៀបចំរមណីយដ្ឋាទេសចរណ៍នានា កែលម្អសោភ័ណភាពនៅតាមដងផ្លូវ និងក្នុងទីធ្លារសាធារណៈនានា ចំណែកសហគមន៍ទេសចរណ៍ ក៏ត្រូវត្រៀមលក្ខណៈឲ្យបានទាន់ពេលវេលា ដើម្បីទទួលទេសចរឲ្យបានល្អផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន គួរយកឱកាសពិធីបុណ្យសមុទ្រលើកនេះ ដើម្បីធ្វើឲ្យខេត្តកែបជាខេត្តគំរូមួយខាងអនាម័យ និងគុណភាពសេវាកម្មទេសចរណ៍ គឺនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន មិនឲ្យមានការបោះក្រដាសក្រោមតុទៀត បន្ទប់ទឹក បង្គន់អនាម័យសាធារណៈត្រូវស្អាតក្រអូប មានអ្នកថែរក្សាឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ និងធ្វើឲ្យទីក្រុងកែប ជាទីក្រុងទេសរណ៍ស្អាតគំរូគ្មានសំរាម។

បើតាមលោកអភិបាលខេត្ត កែន សត្ថា នៅឆ្នាំ២០១៦ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ១,០៩៧,១៦៨នាក់ កើនឡើង ១.៦៣ភាគរយ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥៣,៧៣៣នាក់ កើនឡើង ៥.០៧ភាគរយ។ ចំណែកក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៩៦៧,៥២២នាក់ បានទៅទស្សនាខេត្តកែប។

សូមរំឭកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់​ និងទទួលបានជោគជ័យយ៉ាងធំធេង៕