(កណ្តាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងបានរកឃើញអតីតយុទ្ធជនពីរនាក់កំពុងជួបការលំបាកក្នុងជីវភាព ហើយក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីធ្វើផ្ទះជូនពួកគេផងដែរ។

អតីតយុទ្ធជន ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សាងសង់ផ្ទះជូននេះរួមមាន៖ ១- ឈ្មោះ​ ត្រឹង​ សាវឿន​ ​នៅភូមិព្រៃទទឹង​ ឃុំ​ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២- ឈ្មោះ​ ហួង​ ឆន​(ជនពិការ)​ នៅភូមិ ចំការគួយ​ ឃុំ​ព្រែកពួច​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។

អតីតយុទ្ធជនទាំងពីរគ្រួសារ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម បានគោរពថ្លែងអំណរអរគុណ និងជូនពរដល់សម្តេចទាំងពីរ ក៏ដូចជា បុត្រាបុត្រី ចៅប្រុស ចៅស្រី ប្រកបទៅនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមឲ្យឈ្នះអស់រាល់មាសត្រូវទាំងឡាយទាំងពួង។ ជាពិសេសសូមឲ្យសម្តេចតេជោ ហ៊ុន សែន បន្តឈ្នះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានក្រើនរំលឹកជូនដល់ក្រុមការងារសមាគមរបស់ខេត្តកណ្តាលថា បងប្អូនអតីតយុទ្ធជនសុទ្ធតែជាអ្នកមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ហើយបច្ចុប្បន្នស្ថានភាពជីវភាពរស់នៅរបស់បងប្អូន ជាទូទៅមិនដូចគ្នាទេ។ ភាគច្រើន សុខភាពទ្រុឌទ្រោម ហើយមានជីវភាពខុសៗគ្នា ដែលទាំងនេះគឺជាក្តីកង្វល់ និងជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ ក៏ដូចជារបស់សមាគមអតីតយុទ្ធជន តាមរយៈការរិះរកគ្រប់លទ្ធភាព វិធានការ និងមធ្យោបាយ ក្នុងការជួយដោះស្រាយសំរាលទុក្ខលំបាករបស់បងប្អូន ពិសេសការថែទាំ ផ្តល់ទីជម្រករស់នៅសមរម្យជូនអ្នកដែលមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនស្រាប់៕