(កំពង់ធំ)៖ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ ចំនួន១២រូប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការសរុបប្រមាណជាង២០០នាក់។

លោក សួគ៌ ច័ន្ទតារា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានសេចក្តីប្រកាសតែងតាំងមន្ត្រីរាជការ ដែលត្រូវចូលកាន់មុខតំណែងថ្មីនេះមានចំនួន១២រូប៖ ត្រូវបានតែងតំាង ១). លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាលសាលាខេត្ត ២). លោក លី គឹមពាវ នាយករងរដ្ឋបាលសាលាខេត្ត ៣). លោក ព្រឹម រដ្ឋា នាយករងរដ្ឋបាលសាលាខេត្ត ៤). លោក ម៉ៅ ប៊ុនធូរ នាយកទីចាត់ការអន្តរវិស័យ ៥). លោកស្រី លំ គន្ធារី នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ៦). លោកស្រី ដៀប សុឃីម នាយិការងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ៧). លោក ផេង ភារម្យ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ៨). លោក យស បញ្ញារិទ្ធ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ៩). លោក ខៀវ ប៉ាង នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ១០). លោក អ៊ុ ឧទុម្ពរ នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ១១). លោក លី ហ្គាលី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច និង ១២). លោក ជា ពុំ អនុប្រធានការិយាល័យកសាងសមត្ថភាព។

លោក សុខ លូ បានលើកឡើងថា ការតែងតាំងនេះគឺបង្ហាញឲ្យឃើញពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់សាលាខេត្ត ដើម្បីឲ្យមន្ត្រីមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច តាមលក្ខណការងាររបស់ខ្លួនដែលបានកំណត់។ ក្នុងនោះដែរ លោកបានណែនាំដល់មន្ត្រីទំាងអស់ខិខំរៀនសូត្រ សិក្សាស្វែងយល់ និងចូលរួមវគ្គជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលក្តី ខ្លួនឯងក្តី ដើម្បីក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម តាមបច្ចេកវិទ្យាជឿនលឿន។

លោកបានណែនាំទៅមន្ត្រីឲ្យខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងការងារក្នុងរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អជាមួយអង្គភាពមន្ទីរជុំវិញខេត្ត ដើម្បីបម្រើសេវាសាធារណៈជូន អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា។

លោក ឈុន ឈន់ បានផ្តាំផ្ញើដល់មន្ត្រីវ័យក្មេង ឬមន្ត្រីដែលទើបនឹងប្រឡងជាប់ ត្រូវខិតខំសិក្សាស្វែងយល់បទពិសោធន៍ពីមន្ត្រីចាស់ៗ ឬអ្នកនៅជុំវិញខ្លួន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង ដើម្បីធានាដល់ការបំពេញ សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានកាន់តែរហ័ស៕