(ភ្នំពេញ)៖ ក្រសួងចំនួន៣ បានកំណត់ឲ្យការលក់សាំងធម្មតាមិនឲ្យលើសពី ៣៧០០រៀលនោះឡើយ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះតទៅ។ ម្ចាស់ស្ថានីយ ដែលបំពានការកំណត់នេះ នឹងប្រឈមការពិន័យប្រមាណ ៤លានរៀល។

ការកំណត់ថ្មីបានធ្វើឡើងបន្ទាប់ពីមានការប្រជុំរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល។ ឆ្លងតាមកិច្ចប្រជុំនេះ ក្រសួងទាំង៣ ក៏បានដាក់ចេញរូបមន្តថ្មីសម្រាប់ការគណនាតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតផងដែរ។

រូបមន្តថ្មីដែលប្រើសម្រាប់គណនាតម្លៃប្រេងនេះ គឹត្រូវយកតម្លៃមធ្យមភាគ MOPS (0.4127 ដុល្លារ) + ពន្ធ (0.1955ដុល្លារ) + តម្លៃសាំងធម្មតា (0.22ដុល្លារ) + អាករលើតម្លៃបន្ថែម ១០% (0.0828 ដុល្លារ)។ តាមរយៈរូបមន្តនេះ ការលក់ប្រេងសាំងធម្មតានៅតាមស្ថា នីយនានាមិនលើសពី ៣៧០០រៀលនោះឡើយ។

ការកំណត់តម្លៃប្រេងសាំងថ្មីនេះ ត្រូវបានលើកមកផ្សព្វផ្សាយនៅទីស្តីការក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអន្តរក្រសួង ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយ និងលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមាណជាង ៣០នាក់។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដាក់ឲ្យប្រើប្រាស់សេចក្តីប្រកាសរួម ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដើម្បីជួយសម្រួលវិស័យឯកជន និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងផ្នែកគុណភាពប្រេងសាំងស៊ុបពែរ ព្រមទាំងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងទាក់ទាញការគាំទ្រពីអ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន។

សេចក្តីសម្រេចថ្មីនេះ ការកំណត់តម្លៃសម្រាប់ប្រេងសាំងស៊ុបពែរ (EA95)នៅតាមស្ថានីយនានា ពុំមានទៀតនោះឡើយ៕