(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈធិបតី ក្នុងឱកាសបើកយុទ្ធនាការ ពិនិត្យព្យាបាល កម្មករ នៅតាមរោងចក្រ ក្នុងខេត្តស្វាយរៀង ពិធីបើកយុទ្ធនាការនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណរោងចក្រអេលីត ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីបើកយុទ្ធនាការ​ចុះពិនិត្យ ព្យាបាលជំងឺជូនកម្មករ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា នៅក្នុងខេត្តស្វាយរៀង មានរោងចក្រសហក្រាសចំនួន៧០មានកម្មករ កម្មការីនីជាង៨ម៉ឺននាក់។ យុទ្ធនាការនេះត្រូវប្រើប្រាស់រយៈពេលសរុបយ៉ាងតិច៤០ថ្ងៃទើបចប់ ដូច្នេះក្នុងមួយថ្ងៃ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត មានចំនួន៥០នាក់ ត្រូវព្យាបាល កម្មករ កម្មការីនី ឱ្យបានជាង២ពាន់នាក់។

លោក ជិន សាធាន នាយករងរដ្ឋបាលសាលាខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានមតិផ្តាំផ្ញើ សួរសុខទុក្ខដល់បងប្អូន ក្មួយៗ កម្មករ កម្មការីនីទាំងអស់ និងសូមឱ្យមានសុខភាពល្អ កំលាំងខ្លាំងក្លា ដើម្បីបំពេញការងារ សម្រាប់អភិវឌ្ឍប្រទេសជាតិ ។

លោកវេជ្ជបណ្ឌិត យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោបានធ្វើការងារជាច្រើន ដើម្បីលើកកំពស់ស្ថានភាពសុខភាពរបស់ កម្មករ កម្មការីនី នៅតាមរោងចក្រសហក្រាស ទូទាំងប្រទេស តាមរយៈការធានារ៉ាប់រងសុខភាព របបសន្តិសុខសង្គម។

លោកបន្តថា កម្មករ កម្មការីនី ទទួលរ៉ាប់រងនូវហានិភ័យការងារ និងការថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ រីឯការសម្រាលកូនរបស់ កម្មករ កម្មការីនី ក៏ត្រូវបានធានារ៉ាប់រងសុខភាព ដោយរបបសន្តិសុខសង្គមផងដែរ។ ជាពិសេសសម្តេចតេជោ បានប្រកាសថា នៅឆ្នាំ២០១៩ ខាងមុខនេះ សេវាធានារ៉ាប់រងសុខភាព របបសន្តិសុខសង្គមរបស់ កម្មករ កម្មការីនី ត្រូវបង់ដោយនិយោជក់។

លោកបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យក្រុមគ្រូពេទ្យរបស់យើង ចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូន ក្មួយៗ កម្មករ-កម្មការិនី ដល់ទីកន្លែងរោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ។ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ ដោយមិនយកកម្រៃនោះទេ ហើយនេះក៏ជាយុទ្ធនាការ ដែលយើងបានដាក់ចេញកន្លងមកនេះ ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ។ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណដល់អភិបាលខេត្តស្វាយរៀង និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានជួយឧបត្ថមគាំទ្រដល់វិស័យសុខាភិបាល និងចូលរួមគាំទ្រក្នុងយុទ្ធនាការ ពិនិត្យ ព្យាបាល កម្មករ កម្មការីនី នៅតាមរោងចក្រសហក្រាស ក្នុងខេត្តស្វាយរៀងនេះឲ្យទទួលបានជោគជ័យ៕