(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបន្តបើកប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៌លេខ៩ ក្នុងឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើន ដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះជិត៦០គីឡូក្រាមផងដែរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានប្រាប់អង្គភាព Fresh News​ ឲ្យដឹងថា ប្រតិបត្តិការនេះ​ លោកបានបញ្ជាឲ្យ អធិការស្រុក​កោះសូទិន សហការជាមួយ​កម្លាំងកងរាជអាវុធហត្ថស្រុកកោះសូទិន និងកម្លាំងបញ្ជាការផ្នែកសឹករងស្រុកកោះសូទិន បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់មួយនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងចម្រុះដកហូតបាន៖​ ឧបករណ៍លូស្បៃមុង​ចំនួន៤៣មាត់, របាំងស្បៃមុង ប្រវែង២,៨៩៥ម៉ែត្រ, បង្គោលឬស្សី១,០៤២ដើម, ឧបករណ៍​រ៉ាវ​០១មាត់, របាំងប្រវែង​៤៥ម៉ែត្រ, បង្គោលឬស្សី​ចំនួន១២ដើម ក្នុងនោះក៏បានប្រលែងកូនត្រីចម្រុះ​៥៩គីឡូក្រាម។

ក្រោយប្រតិបត្តិការ​​ឧបករណ៍ និងវត្ថុតាងមួយចំនួន បានកាប់បំផ្លាញចោលនៅនឹងកន្លែង និងសល់មួយចំនួនទៀត យកមរក្សាទុកបណ្តោះអាសន្ននៅសាលាស្រុកកោះសូទិន៕