(ភ្នំពេញ)៖ ថ្ងៃស្អែករោងភាពយន្ត Major Cinepelx នឹងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរចំនួន៧រឿង ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា និងអង្គការស្នាមញញឹមនៃកុមារ។ ការចាក់បញ្ចាំងមហោស្រពភាពយន្តដើម្បីសប្បុរសធម៌នេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅឯរោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត ផ្សារទំនើបអ៊ីអនម៉ល ជាន់ទី២។

មហោស្រពភាពយន្តដើម្បីសប្បុរសធម៌ នឹងលើកយកខ្សែភាពយន្តខ្មែរល្បីៗចំនួន៧ មកចាក់បញ្ចាំងជូនទស្សនិកជនក្នុងតម្លៃពិសេសគឺតែ៨០០០ រៀលប៉ុណ្ណោះ។ ខ្សែភាពយន្តទាំងអស់នោះមានដូចជា៖ រឿង «ព្រះធិន្នវង្សនាងពៅ» រឿង «ស្រកាមាស» វីដេអូឯកសាររឿង «វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ» រឿង «សិស្សប្អូនសំណព្វចិត្ត» រឿង «ប៉ុបពីទៅហូលីវ៉ូដ» រឿង «សតិជាប់ទ្រុង» និងរឿង «ទឹកចិត្តម្តាយសម័យថ្មី»។ ថវិកាដែលរកបានពីការ ចាក់បញ្ចាំងទាំងអស់ នឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យគន្ធរបុប្ជា និងអង្គការស្នាមញញឹមនៃកុមារ។

គួរបញ្ជាក់ផងដែរថា រោងភាពយន្ត Major Cinepelx by Cellcard តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាមហោស្រពភាពយន្តដើម្បី សប្បុរសធម៌នេះជាដើម។ អ្នកគ្រប់គ្រងទូទៅនៃរោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត។

លោក សៅ សុខនី នាយកគ្រប់គ្រងរោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត បានបញ្ជាក់ថា រោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត មានគោលដៅ និងផែនការច្បាស់លាស់ទាក់ទងនឹងការងារសង្គម ពោលគឺរោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត មានកញ្ចប់ថវិការមួយកញ្ចប់ សម្រាប់ចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល៕