(ភ្នំពេញ)៖ ​ចៅក្រមស៊ើបសួរសាលាដំបូងរាជ​ធានីភ្នំពេញ លោក ហេង សុខណា នៅរសៀលថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំ ខ្លួនបុរសឈ្មោះ លី គឹមលៀង ដាក់ពន្ធនាគារ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ លោក ខាំ សុផារី ចោទប្រកាន់បុរសនេះ ពីបទកែឆ្នៃអាអាវុធដោយខុសច្បាប់ តាម​មាត្រា២០ ស្តីពីច្បាប់គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ។

សូមជម្រាបថា ​បុរសម្នាក់នេះ ត្រូវបាន​ឃាត់ខ្លួន​​​នៅយប់​ថ្ងៃទី​២១ ខែ​កញ្ញា ​ឆ្នាំ២០១៧​ ស្ថិត​នៅ​ចំណុចផ្លូវរថភើ្លង ក្រុមទី១ ក្នុង​ភូមិបាក់ទូក សង្កាត់ទួលសងែ្ក​ខណ្ឌ​ឫស្សី​កែវ​ ដោយឆែកឃើញកាំភ្លើង​ច្នៃ​ដូចប៊ិចមួយដើមដាក់តាមខ្លួន​។ ជន​សង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​មានឈ្មោះ​ លី គឹមលៀង អាយុ៣២​ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដួនពេញ រាជធានីភ្នំពេញ ​។ ​

តាម​មន្ត្រី​នគរ​បាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ ជនសង្ស័យខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌​ទឹកសមុទ្រលាយស មួយគ្រឿងពាក់​ស្លាក​លេខក្លែងក្លាយភ្នំពេញ 1AB-6712 ធ្វើដំណើរ​ចេញពីផ្ទះសំដៅទៅ​កន្លែង​ឃាត់​ខ្លួន។​

ខណៈ​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ទួលសង្កែ មានការសង្ស័យក៏ហៅឲ្យឈប់ដើម្បី​ ត្រួតពិនិត្យ ​ស្រាប់តែរកឃើញអាវុធកែច្នៃចំនួន១ដើម ដូចប៊ិចនៅក្នុងអាវដោយ​មានគ្រាប់ចំនួន១គ្រាប់ផង។ បន្ទាប់មកកម្លាំងនគរបាលក៏បាន​នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែដើម្បីសាកសួរបន្តក្រែងមានបក្ខពួក ឬពាក់ព័ន្ធបទល្មើសអ្វីផ្សេងទៀត៕