(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿង៣នាក់ ក្នុងរយៈពេល២ថ្ងៃ ដកហូតបានថ្នាំញៀន១៨កញ្ចប់។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺនៅថ្ងៃទី២៤ ខែកញ្ញា កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការ​កម្លាំងអធិការដ្ឋាន​នគរបាលក្រុង បានចុះបង្រ្កាបករណី​គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ​ក្រុម​០៤ ភូមិ​០៤ សង្កាត់លេខ​០៤ ដោយជនសង្ស័យឈ្មោះ នៅ វុត្ថា អាយុ​៣០​ឆ្នាំ និងថ្នាំញៀនមេតំហ្វេតាមីន​៤កញ្ចប់។

ដោយឡែកនៅថ្ងៃទី២៥ ខែកញ្ញាម្សិលមិញនេះ ​កម្លាំងជំនាញ​បានចុះបង្រ្កាប ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ​ក្រុម​១៤ ភូមិ​០១ សង្កាត់លេខ​០១ ដោយជនសង្ស័យឈ្មោះ ភក្កី ចាងឆាយវីន អាយុ​១៧​ឆ្នាំ មុខរបរ​មិនពិតប្រាកដ និងថ្នាំញៀនមេតំហ្វេតាមីន​០៩​កញ្ចប់, ទូរស័ព្ទ​០១គ្រឿង។ បន្ទាប់ពីនោះកម្លាំងជំនាញបន្ដ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ​ភូមិ​ពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ជនសង្ស័យឈ្មោះ ឡេង សាន់និត អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មកររោងចក្របិតត្រាង និងថ្នាំញៀនមេតំហ្វេតាមីន​០៥​កញ្ចប់ ​ទូរស័ព្ទ​០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដ៕