(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងរបស់ទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស សម រង្ស៊ី ដែលស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មកម្ពុជា ដើម្បីកុំឱ្យផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ដូចសហរដ្ឋអាមេរិកនោះ, អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា នេះជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ «ការលើកឡើងរបស់ ទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស សម រង្ស៊ី ដែលស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មកម្ពុជា ក្នុងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ដូចសហរដ្ឋអាមេរិកនោះ គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជានោះ បើទណ្ឌិតរូបនោះប្រកាសខ្លួនឯងថា ជាសញ្ជាតិខ្មែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះបានបន្តទៀតថា «សកម្មភាព ឬគោលដៅរបស់បុគ្គលរូបនេះបានដើរតួ ហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬប្រឆាំង។ សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជនតាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនោះក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំនៃក្រុមធ្វើបដិវត្តរំលំ រាជរដ្ឋាភិបាលផងដែរ។

លោកបានបន្តទៀតថា បញ្ហាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើផ្នែកទិដ្ឋាការនេះ ជាហេតុផលនៃការបញ្ចូនត្រឡប់មកវិញនៃជនភៀសខ្លួន ដែលមានសញ្ជាតិខ្មែរមានសិទ្ធស្របច្បាប់ រស់នៅសហរដ្ឋអាមេរិក។ រីឯអូស្ត្រាលីវិញ គឺប្រទេសទាំងពីរជាមួយនឹងកម្ពុជាគ្មានអ្វីក្រៅពីតែទំនាក់ទំនងល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ សំណួរសួរថា តើរដ្ឋាភិបាលអូស្ត្រាលីជ្រើសរើសយកទណ្ឌិត ឬមួយជ្រើសយករដ្ឋាភិបាលស្របច្បាប់ជាដៃគូរ ដែលឈរទៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែក ក្នុងអធិបតេយ្យភាពរៀងៗខ្លួន ដែលស្របនឹងពាក្យខ្មែរថា «ចាក់អង្កចោលយកអង្កាម»៕