(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៣ ដែលជំពាក់បំណុលពន្ធរដ្ឋ ប្រញាប់ចូលខ្លួនមកបង់ពន្ធជូន រដ្ឋឲ្យទាន់ពេលវេលា បើមិនព្រមចូលខ្លួនមកបង់ពន្ធទេ នឹងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ម្ចាស់ក្រុមហ៊ុនទាំង៣ ដែលជំពាក់បំណុលពន្ធរដ្ឋ ហើយមិនព្រមមកបំពេញកាតព្វកិច្ចនេះរួមមាន៖

១៖ លោក Huang Zhicai ម្ចាស់ភាគហ៊ុនក្រុមហ៊ុន ដា ម៉ា (ខេមបូឌា) ប៊ីលឌីង
២៖ លោក Moon Kook Hun ម្ចាស់ភាគហ៊ុនក្រុមហ៊ុន ទីប អឹមខេ
៣៖ លោក Lay Chee Wee ម្ចាស់ភាគហ៊ុនក្រុមហ៊ុន អេស ឌី សឺលូសិន

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា កន្លងមកខ្លួន បានអញ្ជើញនាយកក្រុមហ៊ុនទាំង៣នោះ មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ៣លើកដល់អាសយដ្ឋានក្រុមហ៊ុន ប៉ុន្តែនាយកក្រុមហ៊ុនទាំងនោះ មិមបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ទៀតថា «អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៨ ទូរស័ព្ទលេខ ០២៣ ៨៨៤ ៨០០ មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ»។

ពន្ធដារសង្កត់ធ្ងន់ថា «ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកនាយកត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ដែលជាអ្នកជាប់ពន្ធ»៕