(សៀមរាប)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាពនិងសុវត្ថិភាព ម្ហូបអាហារ នៅផ្សារពួក ស្ថិតនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប។

មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប បានថ្លែងថា បន្ទាប់ពីបានធ្វើវិភាគ ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារពួករួចមក ជាលទ្ធផលគឺបានរកសរសៃគុយទាវមានសារធាតុបូរ៉ាក់ ចំនួន២៩,៣គីឡូក្រាម ត្រូវបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកំទេចចោល។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា ក្រោយពីរកឃើញសរសៃគុយទាវ មានសារធាតុគីមីហាមឃាត់ ដែលដាក់លក់នៅក្នុងផ្សារពួករួចមក មន្រ្តីជំនាញកាំកុងត្រូល ក៏បានចុះទៅដល់ទីតាំងផលិតសរសៃគុយទាវដែលមានទីតាំងនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប រកឃើញទីតាំងផលិតចំនួនពីរទីតាំង។

ទីតាំងផលិតសរសៃគុយទាវ ទី១៖ មានឈ្មោះ លោកស្រី ប៊ុន តាំងអួ ជាម្ចាស់និងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងម្ចាស់ទីតាំងទី២៖ ឈ្មោះ ឡាយ គុយ មានទីតាំងនៅភូមិរអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងបានរកឃើញម្សៅអង្ករកិនរួចមានប៉ូរ៉ាក់ ៧២ គីឡូក្រាម អង្ករត្រាំសារធាតុគីមីប៉ូរ៉ាក់ចំនួន ៥០គីឡូក្រាម សារធាតុបូរ៉ាក់ចំនួន១៧,៥គីឡូក្រាម សរសៃគុយទាវមានប៉ូរ៉ាក់ជាង១៥៤គីឡូក្រាម។

ក្រោយពីមានការឯកភាព ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចជំនាញរួមមានមន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប មន្រ្តីមន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ស្នងការរងនគរបាលខេត្តសៀមរាប នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលស្រុកពួក នគរបាលឃុំពួក និងអាជ្ញាធរមូលដ្ឋាន ក៏បានបិទទីតាំងផលិតសរសៃគុយទាវទាំងពីរខាងលើ ជាបណ្តោះអាសន្ន ហើយវត្ថុតាងដែលជាបូរ៉រាក់ និងមានលាយសារធាតុគីមីហាមឃាត់បូរ៉ាក់ ត្រូវបានដុតកំទេចចោលភ្លាមៗផងដែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀបនៃការដាក់តាំងលក់ផលិតផលចំណីអាហារ ឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិតនាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕