(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា តាមច្រកទ្វារអន្ដរជាតិ និងច្រកទ្វារព្រំដែនអន្ដរជាតិទាំង២៤ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ដ្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថត ក្នុងឈឺបរបស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងឯកសារធ្វើដំណើរពាក់ព័ន្ធផ្សេងៗ។

បើតាមនាយឧត្តមសេនីយ៍ សុខ ផល ប្រព័ន្ធគ្រប់គ្រងនេះ និងរក្សានូវទិន្ន​ន័យអ្នកធ្វើដំណើរដូចជា សាវតាជាតិ, ក្រយ៉ៅដៃទាំង១០, រូបថត, សលាកប័ត្រចេញ-ចូល, ទិដ្ឋាការ (ក្នុងករណីប្រើប្រាស់), ឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល។

សម្ភារៈឧបករណ៍សំខាន់ៗ ដែលបានបំពាក់រួមមាន៖ ម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server), ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ, ឧបករណ៍បំពេញការងារក្នុងបញ្ជរ, ឧបករណ៍ត្រួតពិនិត្យចល័តតាមកំពង់ផែ, កុំព្យូទ័រសម្រាប់ការងាររដ្ឋបាល, ម៉ាស៊ីនព្រីនធ័រ, ច្រកចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍បែងចែកបណ្ដាញ៕