(ភ្នំពេញ)៖ យុវជនម្នាក់ មានមុខរបរជាជាងភ្លើងជួសជុលរថយន្ត ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ពេលកំពុងផ្សាដុំដេរ រថយន្តដឹងកុងតឺន័រ១គ្រឿង នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងយានដ្ឋានផ្សាដែក និងជួសជុលរថយន្តមួយកន្លែង ដែលមានទីតាំងស្ថិត នៅក្នុងភូមិស្នួលខ្ពស់សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះខាងលើនោះ មានឈ្មោះ ឡាត់ ឡុង អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិព្នៅ ឃុំព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិត នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យនគរបាលដឹងថា គាត់ក៏ធ្វើជាជាងរថយន្តដែរ និងបានស្នាក់នៅផ្ទះជួល ជាមួយក្មួយដែលជាជនរងគ្រោះនេះដែរ ហើយគាត់និងក្មួយប្រុសម្នាក់នេះ ទើបតែបានមកធ្វើការ នៅក្នុងយានដ្ឋានជួសជុលរថយន្តខាងលើ បានរយៈពេល១ថ្ងៃតែប៉ុណ្ណោះ។

នៅមុនពេលកើតហេតុ គាត់បានជួសជុលរថយន្ត១គ្រឿងផ្សេង ដោយឡែកក្មួយគាត់ម្នាក់នេះ បានជួសជុលរថយន្ត១គ្រឿងផ្សេងទៀត ដោយគេបានតភ្លើងផ្សាដុំដេររថយន្តកុងតឺន័រ ខណៈនោះក្បាលផ្សា ឬគេតែងហៅថា ក្បាលមាន់នោះ បានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ដួលដេកទៅលើដីស្លាប់ភ្លាមៗតែម្ដង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលកើតហេតុជិត១ម៉ោង ទើបមានការភ្ញាក់ផ្អើល ហើយម្ចាស់យានដ្ឋាន បានហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ទៅដើម្បីដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ក្រុមសង្គ្រោះ បានពិនិត្យមើលឃើញថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ទើបគេបានរាយការណ៍ជូនអាជ្ញាធរ និងនគរបាលមូលដ្ឋានចុះពិនិត្យមើល និងរាយការណ៍បន្តទៅកាន់ នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី៕