(សៀមរាប)៖ ដើម្បីឈានទៅកាន់ការបោះឆ្នោតដោយជោគជ័យនៅពេលខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយស្រុកសូទ្រនិគមខេត្តសៀមរាប ដែលមានលោក ប៊ូ ផាន់សារី ជាប្រធាន។

ក្នុងពិធីប្រកាសសេចក្តីសម្រេចដែលធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសូទ្រនិគមនាព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ លោក ប៊ូ ផាន់សារី បានលើកឡើងពីចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើឲ្យប្រទេសជាតិរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍដោយនិរន្តរភាព ជាពិសេសការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដោយអនុវត្តសម្រេចបានជោគជ័យជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ទៀត យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ របស់គណបក្សប្រជាជនកម្ពុជា និងសំណូមពរចាំបាច់របស់គណៈអចិន្ត្រៃយ៍បក្សស្រុកសូទ្រនិគម សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ក៏បានសម្រេចធ្វើការកែសម្រួល និងតែងតាំងបន្ថែមនូវសមាជិកក្រុមការងារចុះជួយស្រុកសូទ្រនិគមនិងឃុំទាំង១០ របស់ស្រុកសូទ្រនិគម ដើម្បីរួមគ្នាចុះធ្វើការងារជួយមូលដ្ឋានឱ្យកាន់តែទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។

សេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយស្រុក និងឃុំទាំង១០ នៅក្នុង ស្រុកសូទ្រនិគមនេះ គឺក្រុមការងារមានភារកិច្ចជួយគណបក្សស្រុកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានជោគជ័យ ដោយមានការរៀបចំផែនការសកម្មភាពការងារគណបក្សឱ្យបានច្បាស់លាស់សមស្របតាមសភាពការណ៍ជាក់ស្តែងរបស់មូលដ្ឋាន ឆ្ពោះទៅកាន់ការបោះឆ្នោតសកល និងអសកល ឆ្នាំ២០១៨ និងជួយគណបក្សស្រុកក្នុងការរៀបចំពង្រឹង និងពង្រីករនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំងគណបក្សក្រុមការងារ និងយន្តការបោះឆ្នោតរបស់គណបក្សនៅគ្រប់ថ្នាក់ ព្រមទាំងការងារផ្ទៃក្នុងសំខាន់ៗជាច្រើនទៀត។

លោក ប៊ូ ផាន់សារី ក៏បានសំណូមពរ និងផ្តាំផ្ញើដល់មន្ត្រីក្រុមការងារចុះជួយស្រុកសូទ្រនិគមគ្រប់ថ្នាក់ទាំងអស់ សូមមេត្តារួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទ ក្នុងការងារចុះជួយមូលដ្ឋានឱ្យបានល្អ៕