(បាត់ដំបង)៖ ស្នងការនគរបាលខេត្តបាត់ដំបង ទើបឡើងថ្មីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាបទីតាំង ល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណិត រហូតឲ្យអស់នៅក្នុងក្រុងបាត់ដំបង។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងនគរបាលជំនាញបានបង្ក្រាបចំនួន៣ទីតាំង ដោយឃាត់ខ្លួនមនុស្សចំនួន​២០នាក់ ព្រមទាំងរឹបអូសសម្ភារប្រើប្រាស់មួយចំនួនធំ នៅក្រុងបាត់ដំបង។

លោក ឈឿង គឹមសុង មេក្រុមបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានថ្លែងថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះបង្រ្កាបបានចំនួន៣ទីតាំង ដោយរឹបអូសសម្ភារមួយចំនួន ឃាត់ខ្លួនម្ចាស់ផ្ទះ និងអ្នកលេងបានមួយចំនួន នាំយកមកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តដើម្បីសាកសួរ និងធ្វើកំណត់ហេតុ។

ទីតាំងទី១៖ យីហោ All Day ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនមុនស្ស ចំនួន២នាក់, ទីតាំងទី២៖ យីហោ Olala ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្ស ចំនួន៧នាក់, និងទីតាំងទី៣៖ យីហោ 6666 ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សចំនួន១១នាក់។

សម្ភារដកហូតបានទាំង៣ទីតាំងរួមមាន៖ ម៉ាស៊ីន (ខិសកុំព្យូទ័រ​) ៥២គ្រឿង, ម៉ាស៊ីន (​ម៉ូនីទ័រ​) ៥២គ្រឿង, ម៉ាស៊ីន (ហាត់ឌឺស) ​៣គ្រឿង, ម៉ាស៊ីន​ (ព្រីន) ​២គ្រឿង។

បច្ចុប្បន្ន ម្ចាស់ទីតាំងបនល្បែងទាំង៣ រួមជាមួយអ្នកចូលទៅលេង និងសម្ភារត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលា ដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕