(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល​៣ថ្ងៃ នៅទីក្រុងបេកាំង នៃសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញពិនិត្យ និងសិក្សាស្វែងយល់ពីវិស័យកម្មសិទ្ធិបញ្ញា និងបានជួបពិភាក្សាការងារ ជាមួយភាគីចិន ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពី​ កិច្ចសហប្រតិបតិ្តការទេ្វភាគី​អំពីកម្មសិទ្ធិបញ្ញា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម (MIH) នៃព្រះរាជាណាចក្រកម្ពុជា​ និងអង្គភាពកម្មសិទ្ធិ​បញ្ញារដ្ឋ (SIPO) នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បានទទួលការស្វាគមន៍ ពីថ្នាក់ដឹកនាំអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋចិន ក្នុងដំណើរទៅកាន់​មជ្ឈមណ្ឌលបណ្តុះបណ្តាល កម្មសិទ្ធិបញ្ញា និងអង្គភាពកម្មសិទ្ធិ​បញ្ញា​រដ្ឋចិន​ ដើម្បីពិនិត្យ និងស្វែងយល់ពីសកម្មភាព អនុវត្ត និងការរីកចំរើននៃកម្មសិទ្ធិបញ្ញា នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនោះ លោកទេសរដ្ឋមន្រ្តី បានពិនិត្យមើលលើស្នាដៃ នៃការបង្កើតបច្ចេកវិទ្យាថ្មីៗ ដែលបានតំកល់ទុកនៅក្នុង SIPO គ្រប់ជំនាន់​ ​ដើម្បីជាមូលដ្ឋានក្នុងការទាញយក នូវបទពិសោធន៍ និងចំណេះដឹង ដែលមានប្រយោជន៍ មកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា នៅប្រទេសកម្ពុជា ឲ្យមានការរីកចំរើន។​

បន្ទាប់ពីដំណើរទស្សនកិច្ច លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំទ្វេភាគី ជាមួយលោករដ្ឋមន្រ្តី រដ្ឋបាលកម្មសិទ្ធិបញ្ញារដ្ឋចិន Shen Changyu​ លើកិច្ចសហប្រតិបតិ្តការ កម្មសិទ្ធិបញ្ញារវាង MIH និង​ SIPO។ ក្នុងជំនួបនៃកិច្ច​ប្រជុំនេះ ភាគីចិនក៏បានលើកយកពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋចិន លើគ្រប់វិស័យតាំងពីយូរលង់​ណាស់មកហើយ ព្រមទាំងបានរៀបរាប់ អំពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០១៧ អំពីការរឹតបណ្តឹងចំណងមិត្តភាព រវាងប្រទេសដែលនៅក្រោមផ្លូវមួយ ខ្សែ​ក្រវ៉ាត់មួយ។ ភាគីទាំងក៏បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបតិ្តការ ទេ្វភាគីអំពីកម្មសិទ្ធិបញា។

គោលបំណងនៃការចុះ MOU នេះ​គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើកិច្ចការពារកម្មសិទ្ធិបញ្ញា នៃប្រទេសទាំងពីរ បើកផ្លូវឲវិនិយោគិនចិន នាំយកបច្ចេលវិទ្យាថ្មីៗ ទៅ​ការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា និងទៅធ្វើវិនិយោគ នៅកម្ពុជាឲកាន់តែច្រើន ពីព្រោះប្រទេសកម្ពុជា ជាប្រ​ទេស LDC ដែលទទួលបានការអនុគ្រោះពន្ធ នាំចេញទំនិញទៅបណ្តាលប្រទេសជាច្រើន នៅក្នុងពិភពលោក នេះជាឱកាសដែលអ្នកវិនិយោគគិន ពីប្រទេសដែលបានរកឃើញ និងអភិវឌ្ឍនូវ​បច្ចេកវិជ្ជាថ្មីៗ នឹងយកបច្ចលវិទ្យាទាំងនោះ ទៅការពារកម្មសិទ្ធិបញ្ញា និងធ្វើការផលិតនាំចេញ​ផលិតផល និង​ទំនិញ ទាំងនោះទៅកាន់ទីផ្សារអន្តរជាតិទៀតផង។ មិនតែប៉ុណ្ណោះតាមរយៈ​ការចុះ MOU នេះកម្ពុជា នឹងទទួលបានការជួយបណ្តុះបណ្តាល មន្ត្រីជំនាញពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ឲ្យមានចំណេះដឹងនិងបទពិសោធន៍ ក្នុងកិច្ចដំណើរត្រួតពិនិត្យ
ប្រកាសនីយបត្រតក្កកម្ម និងកិច្ចការការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាដោយការបញ្ជូនអ្នកជំនាញ​របស់ SIPO មកធ្វើការបណ្តុះបណ្តាល មន្ត្រីនៅក្នុងប្រទេស និងបញ្ជូនមន្រ្តីទៅបណ្តុះបណ្តាល នៅប្រទេសចិន។

​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅ Local IP Institutes ដែលបានទទួលស្វាគមន៍ ដោយលោក Wang Hong ជាប្រធានគ្រប់គ្រងនៃវិទ្យាស្ថាននេះ។ គោលបំណង គឺដើម្បីស្វែងយល់ពីដំណើរការគ្រប់គ្រង និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងសមិទ្ធផលដែលវិទ្យាស្ថាន សម្រេចបានកន្លងមក។ លោកទេសរដ្ឋមន្រ្តី​បានកោតសរសើរយ៉ាងខ្ពស់ អំពីការគ្រប់គ្រងការអនុវត្តការផលិត នូវបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើផលប្រយោជន៍ ក្នុងប្រទេសចិន ​បច្ចុប្បន្ន។ បន្ទាប់ពីដំណើរទស្សនកិច្ច នៅវិទ្យាស្ថាននេះ លោកទេសរដ្ឋមន្រ្តី អមដោយគណៈប្រតិភូ បានចូលជួប​សវនការជាមួយ លោកទេសរដ្ឋមន្រ្តី Wang Yong​ ទទួលបន្ទុកកិច្ចការ​ទ្រព្យសម្បត្តិរដ្ឋ និងកម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងចំណងមិត្តភាព នៃប្រទេសទាំងពីរ និងធ្វើកិច្ចសហប្រតិបត្តិការ លើកិច្ចការពារកម្មសិទ្ធិបញ្ញាឲ្យកាន់តែស៊ីជម្រៅ​ថែមទៀត។

ក្នុងជំនួបពិភាក្សានោះលោក Wang Yong​ បានអបអរសាទរ និងកោតសរសើរនូវគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា នៃការទទួលស្គាល់ប្រកាសនីយបត្រចិន លើកទី១នៅក្នុងប្រទេសចិន ហើយនៅថ្ងៃក្រោយ នឹងមានប្រទេសជាច្រើនទៀត អាចធ្វើដូចកម្ពុជា ហើយលោកបានបន្ថែមទៀតថា ការចុះហត្ថលេខាលើ MOU នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីកិច្ចការពារកម្មសិទ្ធិបញ្ញា ក្នុងការទាក់ទាញវិនិយោគិន ទៅវិនិយោគនៅកម្ពុជាកាន់តែច្រើន​ថែមទៀត។

លោក Wang Yong​ ក៏បានសន្យាថា នឹងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកម្មសិទ្ធិបញ្ញា រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងជាងមុន។ MOU ស្តីពីសហប្រតិបតិ្តការអំពី កម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការ បន្តពង្រឹងទំនាក់ទំនងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំថែមទៀត លើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច​​ និង​​បង្កើនវិនិយោគបរទេសចូលមក​​ក្នុងប្រទេស​ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច​ជាតិកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត តាំងពីយូលង់ណាស់មកហើយ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ន។ លោកបានសំណូមពរឲ្យមិត្តចិន ជួយជម្រុញវិនិយោគិនពីប្រទេសចិន ចូលទៅវិនិយោគនៅប្រទេសកម្ពុជា​ឲ្យបានច្រើន​ បន្ថែមទៀត និងជួយគាំទ្រឲ្យមាន មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ នៅកម្ពុជាទៀតផង ហើយបានស្នើអញ្ជើញ​លោក Wang Yong​ មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលការខ្វះខាត របស់អ្នកវិនិយោគចិននៅកម្ពុជា៕