(ប៉ារីស-បារាំង)៖​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចូលរួមក្នុងកិច្ចប្រជុំ «Round Table: South-East Asia Sourcing» ដែលមានអ្នកចូលរួមប្រមាណជាង​៥០នាក់ រួមមាន តំណាងទូតមួយចំនួនប្រចាំនៅប៉ារីស អ្នកជំនាញការ ​អ្នកបញ្ជារទិញ (BUYER) អ្នកសារព័ត៌មាន ​និងអ្នកតំណាងពាក់ព័ន្ធ​ឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ដែលមកពីប្រទេសផ្សេងៗ ជាច្រើនរូបទៀត។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការរៀបចំកម្មវិធី ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជា និងបានផ្តល់ឲ្យ​កម្ពុជា ធ្វើជាប្រទេសកិត្តិយស និងជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចប្រជុំ «Round Table: South-East Asia Sourcing» នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧​។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមទាំងអស់ថា ប្រទេសកម្ពុជា ជាប្រទេសតូចមួយ មានប្រជាជនចំនួនប្រមាណជាង១៥លាននាក់ តែសេដ្ឋកិច្ចកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយ​កម្ពុជា​ជាទីកន្លែងមួយ ដែលមានសុវត្ថិភាព និងមានភាពទាក់ទាញផ្នែកសេដ្ឋកិច្ច ក្នុងអាស៊ីអាគ្នេយ៍ផងដែរ ដោយកម្ពុជាមាន​ស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច តម្លាភាពត្រឹមត្រូវ និងប្រព័ន្ធច្បាប់ច្បាស់លាស់ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ច នៃប្រទេសកម្ពុជាមានកំណើនជាមធ្យម​៧% ក្នុងរយៈពេល​១០​ឆ្នាំចុងក្រោយ​ តាមរយៈការចូលជាសមាជិករបស់អាស៊ាន (ឆ្នាំ១៩៩៩) និងការចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (ឆ្នាំ២០០៤) កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច របស់ខ្លួនភ្ជាប់ទៅនឹងក្នុងប្រព័ន្ធពាណិជ្ជកម្មតំបន់ និងពិភពលោក ដែលក្នុងនោះ​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវកម្លាំងចលករសំខាន់ចំនួន៤ ដែលកំពុងតែជំរុញកំណើនសេដ្ឋកិច្ច រួមមាន៖ ទី១៖ វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង, ទី២៖ វិស័យសំណង់, ទី៣៖ វិស័យ​ទេសចរណ៍ និងទី៤៖ វិស័យកសិកម្ម។

លោករដ្ឋមន្ដ្រីបានបន្ថែមថា ដើម្បីជំរុញឲ្យវិស័យទាំង៤នេះ កាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានការអភិវឌ្ឍកាន់តែខ្លាំងតាមរយៈ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងការប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញនៅត្រឹមឆ្នាំ២០២៥។

ទាក់ទងនឹងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមកាត់ដេរ និងស្បែកជើងកម្ពុជា បានប្រាប់ភ្ញៀវអ្នកចូលរួមថា កម្ពុជា មានរោងចក្រកាត់ដេរជាង​៥០០ បាននិងកំពុងផលិតសម្លៀកបំពាក់ឲ្យអ្នកបញ្ជា​ទិញធំៗ និងល្បីៗលើពិភពលោក ហើយបានកំពុងនាំចេញ ទៅបណ្តាប្រទេសជាច្រើន ជាពិសេសសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងជប៉ុន។ អ្វីដែលពិសេសសម្រាប់ឆ្នាំនះ គឺកម្ពុជាបានដឹកនាំ​ពាណិជ្ជករកម្ពុជាចំនួន​០៩ក្រុមហ៊ុន និងនាំមកនូវអ្នកបញ្ចេញម៉ូត ជាមួយ​ម៉ូតសម្លៀកបំពាក់កម្ពុជា ដែលបានរចនាបែបទាន់សម័យផងដែរ មកចូលរួមពិព័រណ៍ «APPAREL SOURCING PARIS 2017» ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង ក៏ដូចជាស្វែងរកទីផ្សារអឺរ៉ុប និងជំរុញឲ្យមានការកើនឡើង នូវការវិនិយោគនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។

ក្នុងការជំរុញឲ្យមានការកើនឡើង នូវការវិនិយោគនៅកម្ពុជាលើវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌនេះដែរ លោករដ្ឋមន្ត្រី បានប្រាប់ភ្ញៀវអ្នកចូលរួមថា កម្ពុជា មានកម្លាំងពលកម្មដ៏ខ្លាំងក្លា ជាមួយ​ឈ្នួលពលកម្មទាប​ ហើយមានធនធានដ៏សម្បួរបែប។ ក្នុងនាមកម្ពុជា ជាប្រទេស LDC កម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះ «EVERYTHING BUT ARMS (EBA)» ដែលជាប្រព័ន្ធមួយអនុញ្ញាតឲ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុប ដោយមិនជាប់ពន្ធ និងកាតព្វកិច្ចផ្សេងៗឡើយ។ លើសពីនេះទៅទៀត តាមរយៈប្រព័ន្ធអនុគ្រោះ GSP/MFN ផងដែរ ប្រទេសកម្ពុជាអាចនាំចេញ ផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀត ទៅកាន់សហគមន៍អឺរ៉ុប។

ជាថ្មីម្តងទៀត ​រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ភ្ញៀវអ្នកចូលរួមទាំងអស់ ជាពិសេសអ្នកវិនិយោគធំៗ ឲ្យបន្តជជែកពិភាក្សាគ្នា និងសហការគ្នាជាមួយកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ក៏ដូចជាស្វែងរកទីផ្សារ និងចាប់ដៃគូវិនិយោគរួមគ្នា លើវិស័យកាត់ដេរ និងសម្លៀកបំពាក់ទៅថ្ងៃអនាគត៕