(ភ្នំពេញ)​៖ ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​នេះ​ ដាក់​ពាក្យ​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ឱ្យ​មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ នា​ពេល​សវនាការ​ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញាស្អែក​នេះ។​ ប៉ុន្តែ​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង ​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ថា​ បើ​គ្មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ​ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ពោលគឺ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​ សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក ​កឹម​ សុខា​ ថ្លែង​ប្រាប់​ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន​ Fresh News ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃុន​ លាង​ម៉េង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ អ៊ឹម​ សុផាត​ ជា​តំណាង​មហា​អយ្យការ​ ។

លិខិត​ស្នើ​សុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ចុះ​ហត្ថលេខា​ដោយ​មេធាវី​៧រូប​ បញ្ជាក់​ថា​ ក្រុម​មេធាវី​ ចង់​ឱ្យ​មាន​វត្តមាន​លោក ​កឹម​ សុខា​ នៅ​ចំពោះ​មុខ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោយ​បាន​លើក​ហេតុផល​សំខាន់​ចំនួន​៣ចំណុច​ ដើម្បី​ចៀសវាង​ប៉ះពាល់​ផលប្រយោជន៍​ស្របច្បាប់​របស់​កូន​ក្ដី​។

អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​លោក​ ទូច​ ថារិទ្ធិ​​ ថ្លែង​ថា​ តាម​ស្មារតី​សាលាឧទ្ធរណ៍​គឺ​ចង់​ឱ្យ​មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​សវនាការ​ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ខាងមុខ​នេះ​។​ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ​ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ពោលគឺ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​ ទូច​ ថារិទ្ធិ​ បន្តថា​ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ របស់​ជនត្រូវចោទ​ កឹម​ សុខា​ គឺ​ជា​សមត្ថកិច្ច​របស់​អគ្គនាយក​ពន្ធនាគារ​ ជា​អ្នក​ទទួល​ខុសត្រូវ​ ហើយ​ការ​សួរ​ដេញដោល​នេះ​គឺ​ពុំ​ចាំបាច់​ចំពោះ​មុខ​ទេ​ ដែល​អាច​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ អាច​សម្រេច​អំពី​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​។

គួរ​បញ្ជាក់​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ស្អែក​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​នឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​ «ក្បត់​ជាតិ​»។​

សូមជំរាបថា លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​៕