(អាឡឺម៉ង់)៖ ពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ ត្រូវបានរៀបចំឡើង​ក្នុងប្រទេសអាឡឺម៉ង់ ដែល​មានការអញ្ជើញចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាង២០០នាក់ ជាមួយលោក ហ៊ុន ម៉ាណែត​ ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុត នៅ​ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៧។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះលោកមកដល់ប្រទេសអាឡឺម៉ង់ ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងបាន​ជម្រាបជូនពីស្ថានភាពស្រុកខ្មែ​រ ដើម្បីឲ្យពួកគាត់បានស្វែងយល់។

លោកបានបញ្ជាក់ថា «ខ្ញុំមកនេះមិនមែនឲ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឲ្យលោកអ៊ុពូមីងបងប្អូនលាបពណ៌អ្នកណា ឲ្យយើងបែកបាក់គ្នានោះទេ។ ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វី ដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើង​ជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនសិទ្ធិផ្តាច់មុខ របស់បក្សនេះបក្សនោះទេ គឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា។ អញ្ចឹងគាត់មានសិទ្ធិស្តាប់អ្នកណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋានទៅពិចារណា ហើយខ្ញុំមិនបង្ខំឲ្យបងប្អូន ត្រូវតែជឿទៅលើអ្វីដែលខ្ញុំ ជម្រាបជូននាពេលនោះទេ»

លោក ហ៊ុន ម៉ាណែត ក៏បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងច្រើនកុះករនេះ ដែលបង្ហាញនូវស្មារតីសាមគ្គីគ្នា ក្នុងនាមជាខ្មែរតែមួយ។

ប្រជាពលរដ្ឋដែលមកចូលរួមជាង២០០នាក់នោះ បានស្វាគមន៍លោក ហ៊ុន ម៉ាណែត និងបានបញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវ​ជាច្រើនពាក់​ព័ន្ធ​ការរីកចម្រើននៅកម្ពុជា។

គួររំលឹកថា​ នេះជាដំណើររទស្សនកិច្ច​ លើកទី៣ ទៅកាន់បណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប។​ ក្រៅពីដំណើរទស្សនកិច្ចផ្លូវការ​លើកនេះ​ លោក​ ហ៊ុន​ ម៉ាណែត​ ក៏មានគំរោងជួបជាមួយ​ យុវជន​ និងនិស្សិតខ្មែរ​ បងប្អូនពាណិជ្ជករខ្មែរ-ចិន​ និង​បងប្អូនប្រជាពលរដ្ឋខ្មែរ​ ជាច្រើននាក់ នៅតាមបណ្ដាប្រទេសមួយចំនួន​ នៅក្នុងទ្វីបអឺរ៉ុបថែមទៀតផងដែរ៕