(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសត្រីភាគី ដែលក្នុងនោះ មានសមាសភាពក្រសួងការងារ ក្រុមថៅកែរោងចក្រ និងក្រុមសហជីព នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននិងកំពុងបើកកិច្ចប្រជុំពិភាក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហេង សួរ អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីភាគីរាជរដ្ឋាភិបាល ១៦រូប ភាគីសហជីព ១៦រូប និងភាគីនិយោជក ១៦រូប។

តាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណា និង លោក អាត់ ធន់ នៅមុនកិច្ចប្រជុំបានបង្ហើបថា ភាគីសហជីពបានឯកភាពគ្នាយកតួលេខរួមមួយដើម្បីលើកមកពិភាក្សា នៅថ្ងៃនេះគឺ ១៧៦.២៥ដុល្លារអាមេរិក ដោយឡែកសម្រាប់ភាគីរាជរដ្ឋាភិបាល និងភាគីនិយោជក មិនទាន់បញ្ជាក់នៅឡើយទេ។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅឆ្នាំ២០១៧នេះ មានចំនួន ១៥៣ដុល្លារ ខណៈដែលឆ្នាំក្រោយនេះ គេរំពឹងថា នឹងឡើងយ៉ាងតិចបំផុត១៦០ដុល្លារ ក្នុងមួយខែ៕