(ភ្នំពេញ)៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ។

ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះ លោក សុន ឆ័យ បានលើកឡើងទៀតថា គណបក្សសង្រ្គោះជាតិ បានសម្រេចលើកស្លាកស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅស្នាក់ការនានារបស់បក្សសង្រ្គោះជាតិ ទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងជំនុំជម្រះ ដើម្បីសម្រេចអំពីរឿងនៅក្រៅឃុំរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធបដិសេធដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ។

លោក កឹម សុខា ត្រូវបានលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស ​«ក្បត់​ជាតិ​» ​ក្នុងបទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​ ដែល​បទល្មើសនេះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​៕