(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខត្តស្ទឹងត្រែង។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះក៏មានផ្នែកឯកជនផងដែរ។

ពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ រៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd។

គួរបញ្ជាក់ថា គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ មានអានុភាព៤០០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖

១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group នៃប្រទេសកម្ពុជា ៣៩ភាគរយ។ ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ៕