(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ហឺលីកូអិលធីឌី នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទាំងស្រុង​ហើយ នៅវេលាម៉ោងប្រមាណជិត៤ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១៦គ្រឿង ហើយការខូចខាតវិញអស់ខ្ទង់ម៉ឺនដុល្លារ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដែលបានចុះទៅផ្ទាល់នៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ ​Fresh News ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

បើតាមនាយការិយាល័យរូបនេះ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដអស់ចំនួន១៦គ្រឿង ក្នុងមានរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កងរាជអាវុធហត្ថ, អង្គភាព 711 និងក្រុមហ៊ុនស្រាបៀរកម្ពុជា។

យ៉ាងណាមិញចំពោះទំហំនៃការខូចខាតវិញ មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ ដោយគ្រាន់តែដឹងថា ខូចខាតអស់សម្ភារៈខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្ដែទោះជាយ៉ាងណា ក្នុងគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះទេ៕