(ប៊ែរឡាំង)៖ ប្រជាជនអាល្លឺម៉ង់៦១.៥លាននាក់ បានចេញដំណើរទៅកាន់ការិយាល័យបោះឆ្នោតហើយ នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញានេះដើម្បីចូលរួមក្នុងការបោះឆ្នោត សហព័ន្ធ ឬការបោះឆ្នោតសភាជាតិ ដែលជាគន្លឹះសាកល្បងដ៏សំខាន់សម្រាប់លោកស្រី Angela Merkel ក្នុងការស្វែងរកការរក្សាតំណែងជាអធិការបតីអាល្លឺម៉ង់ ជាលើកទី០៤ គិតចាប់តាំងពីលោកស្រីកាន់តំណែងនេះកាលពីឆ្នាំ២០០៥មក។ ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាគឺជាការបោះឆ្នោតជ្រើសរើស សមាជិកសភាអាល្លឺម៉ង់ (Bundestag) ទាំង៥៩៨នាក់ ដែលនឹង ត្រូវកំណត់ថាលោកស្រី Merkel ត្រូវបន្តកាន់តំណែងអធិការបតីអាល្លឺម៉ង់ ឬក៏យ៉ាងណា។

នរណាអាចបោះឆ្នោតបាន?

ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ការបោះឆ្នោតសភាអាល្លឺម៉ង់ ឬ Bundestag គេសង្កេតឃើញថា ប្រជាជនអាល្លឺម៉ង់ ៧០ភាគរយ បានចូលរួមក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ គេរំពឹងថា ចំនួនអ្នកចូលរួមបោះឆ្នោតអាចនឹងកើនឡើងច្រើនជាងនេះ។ យោងតាមការិយាល័យសហព័ន្ធស្ថិតិអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ ៦១.៥លាននាក់ មានអាយុ១៨ឆ្នាំឡើងទៅ គឺមានសិទ្ធិបោះឆ្នោត ហើយក្នុងចំណោមពួកគេមាន៣១.៧លាននាក់គឺជាស្ត្រី និង២៩.៨លាននាក់គឺជាបុរស ហើយ ២២លាននាក់ មានអាយុ៦០ឆ្នាំ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាទាំង៥៩៨នាក់។

នរណាជាអ្នកជ្រើសតាំងអធិការបតីអាល្លឺម៉ង់?

ខុសពីប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកបោះឆ្នោតនៅក្នុងប្រទេសអាល្លឺម៉ង់ មិនមែនជាអ្នកជ្រើសរើសអធិការបតី ដែលជាប្រមុខរដ្ឋាភិបាលដោយផ្ទាល់នោះទេ តែជាសភាថ្មីកើតឡើងពីការបោះឆ្នោត។ ពួកគេនឹងត្រូវជួបប្រជុំគ្នាមួយខែយ៉ាងយូរ ក្រោយការបោះឆ្នោត ឬអាចលឿនជាងនេះ បើសិនជាកិច្ចពិភាក្សាបង្កើតក្រុមចំរុះ ត្រូវប្រព្រឹត្តទៅភ្លាមៗដែរ ហើយម្យ៉ាងវិញទៀត ជាធម្មតាបេក្ខជនតំណាងគណបក្សទទួលបានសម្លេងគាំទ្រច្រើនជាងគេ គឺជាអ្នកគ្រប់គ្រងការបង្កើតក្រុមចំរុះ។ ចំណែកឯ ប្រធានាធិបតីជាប្រមុខរដ្ឋក៏មានតួនាទីសំខាន់ដែរ ក្នុងការបង្ហាញបេក្ខជនអធិការបតី ដែលនឹងត្រូវបានសមាជិកសភាថ្មីទាំង៥៩៨នាក់ អនុម័តនៅក្នុងការ បោះឆ្នោតជាសំងាត់មួយ។ ដូច្នេះបើសិនជាគណបក្ស Christian Democrat party's (CDU) ទទួលបានជ័យជម្នះជាមួយសម្លេងគាំទ្រភាគច្រើន នោះលោកស្រី Angela Merkel អាចនឹងបន្ត កាន់តំណែងជាអធិការបតីអាល្លឺម៉ង់០៤ អាណត្តិជាប់ៗគ្នា ខណៈនៅអាល្លឺម៉ង់ មិនមានការកំណត់អាណត្តិអធិការបតីឡើយ ប៉ុន្តែចាប់តាំងពីជំនាន់អធិការបតីអាល្លឺម៉ង់ លោក Helmut Kohl មិនទាន់មានអ្នកនយោបាយអាល្លឺម៉ង់ណាម្នាក់ អាចកាន់តំណែងនេះបានច្រើនជាង១៦ឆ្នាំឡើយ។

បើតាមការស្ទង់មិតជាច្រើន លោកស្រី Angela Merkel មកពីគណបក្ស CDU អាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ ដើម្បីបន្តដំណែងជា អធិការបតីអាល្លឺម៉ង់ អាណត្តិទី៤ ជាប់ៗគ្នា ខណៈគូរប្រជែងដ៏សំខាន់របស់លោកស្រី គឺលោក Martin Schulz នៃគណបក្ស SPD ទទួលបានការគាំទ្រប្រមាណ២០ភាគរយ៕