(ភ្នំពេញ)៖ បើទោះបីជាប្រទេសជាតិមានសន្តិភាព មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះក្តី ក៏ប្រទេសមួយនេះនៅតែប្រឈមមុខនឹង ស្ថានភាពដែលអាចវិលទៅរកអតីតកាលដ៏ឈឺចាប់វិញនៅឡើយ។ ដើមចមនៃបញ្ហាគឺបណ្តាលមកពីមហិច្ឆតានយោបាយ ច្រើនជាងសេចក្តីត្រូវការចាំបាច់ សម្រាប់សេចក្តីសុខរបស់ប្រជាជននៅក្នុងប្រទេសនេះ។ ដើម្បីយល់ពីជម្រៅនៃបញ្ហា គេគប្បីឆ្លើយនឹងសំណួរថា តើអ្វីទៅជាសេចក្តីសុខពិតប្រាកដរបស់ពលរដ្ឋខ្មែរ?

នៅលើលោកនេះ ក្រៅពីវិស័យកីឡា គ្មានទេអ្វីដែលគេហៅថាស្តង់ដាអន្តរជាតិដែលគ្រប់ប្រទេសអាចយកទៅអនុវត្តដូចៗគ្នាបាននោះ។ ប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស ប្រែប្រួលទៅតាមទំនៀមទម្លាប់ ប្រណៃណី សាសនា និងផ្នត់គំនិតរបស់ប្រជាជាតិនីមួយៗ។ ក្នុងន័យនេះសេចក្តីសុខពិតប្រាកដរបស់ប្រជាជនកម្ពុជា ក៏មិនអាចចម្លងយកមកពីប្រទេសណាមួយបានដែរ។ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងមួយរបស់កម្ពុជា គេត្រូវក្រឡេកមើលអតីតកាលរបស់ប្រទេសនេះជាចាំបាច់។

អតីតកាលរបស់កម្ពុជាគឺសង្គ្រាមហែកហួរជាច្រើនទសវត្សរ៍រហូតដល់ប្រទសជាតិរអិលធ្លាក់ ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏មហាវិនាសកម្មនិងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ដូច្នេះសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជាបានស្គាល់រយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺជាសមិទ្ធផលដ៏មហាអស្ចារ្យដែលគេមិនអាចមើលរំលងបានជាដាច់ខាត។

ពិតណាស់ អតីតកាលរបស់កម្ពុជាគឺជារឿងសំខាន់ តែការក្រឡេកមើលគេឯងក្នុងតំបន់ និងក្នុងពិភពលោកក៏ជាការចាំបាច់ដើម្បីជំរុញទឹកចិត្តយើងឲ្យចូកចែវនាវាកម្ពុជា ដ៏កំសត់របស់យើងឲ្យដើរទាន់គេឯងបានឆាប់រហ័ស។ បច្ចុប្បន្នខ្មែរពិតជាមានមោទនភាពដោយឃើញប្រទេសជាតិរបស់ខ្លួនឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស ក្នុងអាស៊ានក៏ដូចជាក្នុងនាមជាសមាជិអង្គការសហប្រជាជាតិ។

ទីក្រុងភ្នំពេញស្គាល់ការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែលមិនខុសប៉ុន្មានពីទីក្រុងក្នុងបណ្តាប្រទេសជិតខាង។ ទន្ទឹមនឹងនោះយើងក៏ត្រូវទទួលស្គាល់ផងដែរថា មានបញ្ហាអសកម្មមួយចំនួនបានកើតឡើងក្នុងចំណោមចំណុចវិជ្ជមានជាច្រើនដែលប្រទេសនេះបានស្គាល់។

ប៉ុន្តែបញ្ហាពិតប្រាកដរបស់កម្ពុជាគឺ មានមនុស្សមួយក្រុមដែលមាននិន្នាការនយោបាយ ផ្ទុយពីរដ្ឋាភិបាលបានបំភ្លេចចោលទាំងស្រុងនូវអតីតកាល និងបំភ្លេចចោលទាំងស្រុងនូវសមិទ្ធផលដ៏ធំធេងរបស់អ្នកដឹកនាំប្រទេសដែលបានចូកចែវនាវាកម្ពុជាពីចំណុចសូន្យឲ្យមកដល់ចំណុចត្រដំត្រសងឬប្រសើរជាងប្រទេសក្នុងតំបន់ផង។ ក្រុមប្រឆាំងលើកយកតែបញ្ហាដែលបានកើតឡើងមកបំប៉ោងដើម្បីឲ្យគេមើលឃើញថា ប្រទេសកម្ពុជាមានភាពខ្មៅងងឹតសូន្យសុង។

មិនថាតែនៅកម្ពុជាទេ សូម្បីតែបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិកជាដើម ប្រសិនបើគេលើកយកតែបញ្ហាអវិជ្ជមានមកពិពណ៌នាដូចជា៖ អំពើភេរវកម្ម, ការបាញ់រះរបស់ខ្មាន់កាំភ្លើងទៅលើសិស្សសាលា, ប៉ូលិសស្បែកសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ, គ្រោះធម្មជាតិខ្យល់ព្យុះ និងទឹកជំនន់ដ៏កាចសាហាវ, ការធ្វើទារុណកម្មរបស់ទាហានអាមេរិកទៅលើអ្នកទោសនៅគុកហ្គាន់តាណាម៉ូបេ, ការចាប់រំលោភស្ត្រីជនជាតិជប៉ុនពីសំណាក់ទាហានអាមេរិក, ការវាយប្រហាររបស់កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកទៅលើប្រទេសអាហ្គានីស្ថាន, ទៅលើប្រទេសអ៊ីរ៉ាក់, ស៊ីរី និងលីប៊ី... ដែលបានសម្លាប់ជនស៊ីវិលរាប់សែននាក់ ក្នុងនោះមានស្ត្រីនិងកុមារ, ប្រសិនបើបង្ហាញពីអ្នកសុំទាន និងគ្មានទីជម្រកនៅតាមស្ថានីយរថភ្លើងក្រោមដី, ពីក្រុមបងធំដែលប្រព្រឹត្តបទល្មើសជារៀងរាល់ថ្ងៃ រហូតដល់ការចាប់ខ្លួនតំណាងរាស្ត្រមានអភ័យឯកសិទ្ធិកាលពីពេលថ្មីៗនេះ... មានមនុស្សជាច្រើនគិតថា សហរដ្ឋអាមេរិកជាដែនដីគួរឲ្យខ្លាចបំផុត។

យ៉ាងណាមិញ ប្រទេសកម្ពុជាក៏ដូចគ្នាអ៊ីចឹងដែរ។ ប្រសិនបើគេស្តាប់តែព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងបណ្តាញផ្សាយព័ត៌មានដែលខ្វះតុល្យភាពមួយចំនួនទៀត ដែលចូលចិត្តនិយាយតែបញ្ហាអាក្រក់ៗ ទោះជាបញ្ហានោះតូចតាចយ៉ាងណាក្តីក៏ខំបំប៉ោង, រឿងដែលគេធ្វើបានល្អ ៩០% មិនព្រមនិយាយ តែបែរជាបំប៉ោងបញ្ហាដែលនៅសេសសល់បន្តិចបន្តួចឲ្យទៅជារឿងធំ ដោយពេលខ្លះមានទាំងការរៀបចំតួសម្តែងក្រោមការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសផងនោះ ប្រាកដណាស់ថា អ្នកស្តាប់ដែលមិនបានស្គាល់ប្រទេសកម្ពុជាពិតប្រាកដ ឬក៏បានស្គាល់ដែរតែធ្វើមិនស្គាល់ នាំគ្នាជឿស្លុងថា ប្រទេសកម្ពុជាខ្មៅងងឹតគួរឲ្យព្រឺខ្លាច។ ប៉ុន្តែ សម្រាប់អ្នកដែលប្រកាន់សច្ចៈភាព ឬអ្នកដែលអវត្តមានពីកម្ពុជាជាច្រើនឆ្នាំហើយបានឈានជើងជាន់ទឹកដីនេះជាថ្មី បានស្ងើចសរសើរអំពីការអភិវឌ្ឍដ៏លឿនរហ័សរបស់ប្រទេសនេះរហូតពេលខ្លះគេស្ទើរតែមិនជឿក្នុងចិត្តទៀតផងថា ទីក្រុងភ្នំពេញបានប្រែក្លាយពីទីក្រុងខ្មោចមកជាទីក្រុង ដែលមានចរាចរណ៍ណែនណាន់មិនចាញ់ទីក្រុងបាងកក~មានអគារខ្ពស់ៗ មានផ្សារទំនើប និងមានសកម្មភាពសេដ្ឋកិច្ចរស់រវើកមិនចាញ់បណ្តាប្រទេសក្នុងតំបន់ មួយចំនួននោះឡើយ។ ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់ មិនបានខ្វល់ខ្វាយ យំស្រែក ឬទុទិដ្ឋនិយមដ៏ខ្មៅងងឹតដូចអ្វីដែលគេបានលឺតាម វិទ្យុអាស៊ីសេរីជារៀងរាល់ថ្ងៃនោះឡើយ។ ផ្ទុយទៅវិញ ពួកគេនាំគ្នាសប្បាយរីករាយ ជាពិសេសរៀងរាល់ពេលបុណ្យធំៗម្តងៗ ពួកគេនាំគ្នាដើរកម្សាន្តគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសទៅតាមលទ្ធភាពរៀងៗខ្លួន។

ក្នុងន័យនេះ សេចក្តីសុខពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរគឺ បានផ្តើមចេញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដូចដែលពួកគេកំពុងទទួលបានសព្វថ្ងៃ។ ចំណែកបញ្ហាដែលនៅសេសសល់គឺ ការជួយគ្នាដើម្បីដោះស្រាយ។ ប្រសិនបើបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចង់ឃើញមានសេចក្តីសុខពិតប្រាកដ ពួកគេគ្រាន់តែចូលរួមចំណែកជួយដោះស្រាយបញ្ហាដែលនៅសេសសល់គឺជាការប្រសើរណាស់។ វិធីសាស្ត្រដែលត្រូវជួយគឺ ជួយកសាងសមិទ្ធផល បើទោះជាតិចក្តីច្រើនក្តី, ជួយអប់រំប្រជាពលរដ្ឋឲ្យចេះប្រើសិទ្ធិសេរីភាព ភ្ជាប់ដោយការទទួលខុសត្រូវ, ជួយអប់រំឬធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការគោរពសិទ្ធិគ្នា ទៅវិញទៅមក, ចេះគោរពច្បាប់ចរារណ៍ និងច្បាប់ផ្សេងៗទៀត, ចេះសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ, ជួយអប់រំពលរដ្ឋឲ្យមានសីលធម៌ល្អ, និងជួយកៀរគរជំនួយពីបរទេសមកជួយប្រទេសជាតិរបស់ខ្លួនជាដើម។ វិធីជួយទាំងអស់នេះមិនត្រឹមតែជាការជួយចូកជួយចែវនាវាកម្ពុជាឲ្យលឿនលយទៅមុខប៉ុណ្ណោះទេ តែក៏ជាការប្រកួតប្រជែងជាមួយបក្សកាន់អំណាចក្នុងន័យនយោបាយផងដែរ។

ប៉ុន្តែគួរឲ្យសោកស្តាយ រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ អ្វីដែលគេរៀនសូត្រពីបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនគឺការបរិហារ, ការបណ្តុះគំនិតឲ្យខ្មែរ ស្អប់ខ្ពើមគ្នា, ជេរប្រមាថគ្នា, ញុះញង់, បញ្ឆេះកំហឹង, លាបពណ៌, ការបណ្តុះគំនិតឲ្យខ្មែរមើលឃើញសង្គមរបស់ខ្លួនខ្មៅងងឹត ហើយមានកំហឹងជាមួយមេដឹកនាំប្រទេស, ឲ្យខ្មែរចេះវិធីផ្តួលរំលំគ្នា, ចេះចោទប្រកាន់គ្នាដោយគ្មានភសត្តុតាង, ការសាបព្រួសគំនិតធ្វើបដិវត្តន៍ ដោយប្រើទ្រឹស្តីចាស់គំរឹលដូចជាថា«បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ»ជាដើម ដែលធ្វើឲ្យសង្គមជាតិបែកបាក់, ធ្វើឲ្យអ្នកគាំទ្របក្សនីមួយៗចូលគ្នាមិនចុះដូចទឹកនិងប្រេង...!! ទាំងអស់នេះមិនមែនជាសេចក្តីសុខ របស់ខ្មែរឡើយ ហើយអ្វីៗដែលបាននិងកំពុងកើតឡើងនៅពេលនេះគឺជាលទ្ធផលដែលបក្សប្រឆាំង បានសាបព្រួសជាច្រើនទសវត្សរ៍មកនេះ។

សរុបសេចក្តីមក សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដគឺ ការរស់នៅក្នុងសង្គមមួយដែលមានសន្តិភាព មានស្ថិរភាពនយោបាយដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍន៍។ កំណែទម្រង់ចំណុចខ្វះខាតជាភារៈកិច្ចរបស់រាជរដ្ឋាភិបាល ចំណែកឯការចូលរួមតាមលទ្ធភាព តាមចំណេះជំនាញ ពីសំណាក់បក្សប្រឆាំង សង្គមស៊ីវិល និងពីសំណាក់ពលរដ្ឋគ្រប់គ្នាក្នុងន័យស្ថាបនា គឺជាការចាំបាច់។ ការផ្តួលរំលំតាមបែបបដិវត្តន៍ទោះជាក្រោមរូបភាពណាក៏ដោយ នឹងមិននាំមកនូវសេចក្តីសុខជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរឡើយ៕

ដោយ៖ សូរ គងជ័យ