(ពោធិ៍សាត់)៖ ព្រះតេជគុណឥន្ទត្ថេរោ នៅ​ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបរិច្ចាកសម្ភារៈជាគ្រឿងឧបភោគ បរិភោគ ដែលបានមកពីពុទ្ធបរិស័ទ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនោះ ចែកជូនអង្គភាពចំនួន៣ នៅក្នុងខេត្តពោធិ៍សាត់ ក្នុងនោះអង្គភាពវរៈសេនាតូចនគរបាលព្រំដែនលេខ៨២៥ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ជុក សុផានី អភិបាលរងខេត្ត។

ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ មានសង្ឃដីកាថា សម្ភារៈជាគ្រឿងឧបភោគ បរិភោគ ទាំងនេះដែលបានប្រគល់ជូនកងទ័ព និងនគរបាលទាំង៣អង្គភាព គឺជាទេយ្យវត្ថុ របស់ពុទ្ធបរិស័ទទីជិតឆ្ងាយ យកមកប្រគេនដល់ព្រះសង្ឃ នៅក្នុងអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ដោយសារគ្រឿងឧបភោគ បរិភោគទាំងអស់នេះលើសពីតម្រូវការរបស់ព្រះសង្ឃនៅក្នុងវត្ត និងមើលឃើញពីកង្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរក្សាការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា​ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ក៏ដូចនៅក្នុងមូលដ្ឋាន ទើបធ្វើការចែករំលែកសម្ភារៈទាំងនេះស្មើគ្មា។

លោកស្រី ឯម ប៉ុណ្ណា និងលោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត ទទួលបន្ទុក​វរសេនាតូចនគរបាលព្រំដែនលេខ៨២៥ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ក៏ដូចព្រះសង្ឃ អាចារ្យ និងគណកម្មការវត្តហង្សាបិតិ ដែលមានព្រះទ័យយកចិត្តទុកដាក់​ខ្ពង់​ខ្ពស់ទៅដល់ស្ថានភាព និងជីវភាពកងទ័ពទាំងសមរភូមិមុខ និងទាំងសមរភូមិក្រោយ​។

សូមបញ្ជាក់ថា សម្រាប់អំណោយទាំងនោះ ក្នុងមួយអង្គភាព​ទទួលបានទឹកក្រូច និងទឹកផ្លែឈើ ៣០កេស ទឹកសុទ្ធ៣០កេស ស្កសរ៥០គីឡូក្រាម ទឹកដោះគោ៦៥កំប៉ុង និងតែ៣០កញ្ចប់តូច ៥កញ្ចប់តូច​៕