(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ចំពោះការប្តូរ​ឈ្មោះរមណីយដ្ឋាន «បូកគោ» ទៅជារមណីយដ្ឋាន «សុខា» ពីសំណាក់ក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់ ហើយនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន​បញ្ជាឲ្យអភិបាលខេត្តកំពត លោក ចាន់ ជេស្ដា ទៅរុះរើភ្លាមៗជាបន្ទាប់​ ហើយ​ធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងផងដែរ។

ជាមួយនឹងការសាទររបស់ប្រជាពលរដ្ឋកម្ពុជានេះ ​ប្រមុខដឹកនាំក្រសួងទេសចរណ៍ លោក ថោង ខុន ដែលតំណាងឲ្យស្ថាប័នក្រសួងទាំងមូលនោះ បានរយៈបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានចេញមកប្រកាសគាំទ្រនូវចំណាត់ការ របស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំណត់ឲ្យរុះរើស្លាកសញ្ញានោះចេញ ដោយរក្សាទុកឈ្មោះប្រវត្តិសាស្ដ្រដដែល គឺ «រមណីយដ្ឋាន ឋានសួគ៌បូកគោ»។

រដ្ឋមន្ដ្រីក្រសួងទេចរណ៍ បញ្ជាក់យ៉ាងដូច្នេះថា «​ខ្ញុំបាទសូមគាំទ្រទាំងស្រុងចំពោះចំណាត់ការទប់ស្កាត់ការប្តូរឈ្មោះ រមណីយដ្ឋាន ឋានសួគ៌បូគោ ទៅជា រមណីយដ្ឋាន សុខាស្ថានសួគ៌ ​ដែលឈ្មោះថ្មីនេះ​គេមិនឃើញមានឈ្មោះ បូកគោ ទៀត​ទេ ដែលអាចធ្វើឲ្យរមណីយ​ដ្ឋានទេចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិដ៏ល្បីល្បាញ និងទាក់ទាញ​នៅភាគនិរតី នៃប្រទេសមួយនេះ អាចត្រូវបាត់ពីបញ្ជី​ប្រវត្តិសាស្ត្រ នៃរមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញក្នុងតំបន់ និងពិភពលោក»

លោក ថោង ខុន បានឲ្យដឹងថា កន្លងមកក្នុងក្របខណ្ឌ នៃការឃោសនា​ផ្សព្វផ្សាយទេសចរណ៍ ទាំងក្នុងក្របខណ្ឌ «តារារះនាទិសនិរតី» ក្តី «កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈក្តី» ក៏ដូចជាក្នុងក្របខ័ណ្ឌវិនិយោគ ហើយសូម្បីក្នុងបទចំរៀងទេសចរណ៍ ក៏​តែងប្រើជាទូទៅ​ឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» នេះ​ ហើយដែលត្រូវបាន និងកំពុងចាប់​អារម្មណ៍យ៉ាងខ្លាំង ពីទេសចរជាតិ និងអន្តរជាតិ ព្រោះថាផលិតផលទេសចរណ៍ដ៏ល្អមួយនេះ កំពុងក្លាយជាមេដែក (Magnet) ស្រូបទាញទេសចរ នៅភូមិភាគនិរតី​នៃប្រទេស ដែលសូម្បីប្រទេសជិតខាង​ក៏មិនអាចមានដែរ។

ប្រមុខដឹកនាំក្រសួងទេចរណ៍ បន្ថែមថា គំរោងសាងសង់កំពង់ផែទេសចរណ៍ថ្មី ក្នុងខេត្តកំពត គឺដើម្បីជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងរបៀងខាងត្បូង (Southern Corridors) នៃក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ក្នុងនោះក៏មានប្រយោជន៍សំខាន់ ដល់ការជួយអភិវឌ្ឍន៍ដល់ រមណីយដ្ឋានឋានសួគ៌បូកគោ នេះផងដែរ ហើយ​កន្លងមករមណីយដ្ឋានឈ្មោះ «ឋានសួគ៌បូគោ» នេះធ្លាប់បានទទួល​ប័ណ្ណសរសើរពីក្លឹបឆ្នេរស្អាតបំផុតលើ ពិភពលោកកាលពីឆ្នាំ២០១៣ ថាជា «រមណីយដ្ឋានមួយដែលស្អាត គ្មានថង់ផ្លាស្ទីក» និង​រង្វាន់សរសើរ «ធុរកិច្ចបៃតងរបស់សម្តេចតេជោ Samdech Techo Prime Minister Eco Business Awards» កាលពីឆ្នាំ២០១៤ផងដែរ​។

ដូចនេះការប្តូរឈ្មោះ​គោលដៅ ឬផលិតផលទេសចរណ៍ល្បីៗ ជាប្រវត្តិសាស្ត្រដូចនេះ គឺគេកម្រធ្វើណាស់ ហើយដែលចាំបាច់ត្រូវស្នើសុំការអនុញ្ញាតយល់ព្រម ពីរាជរដ្ឋាភិបាល ឬរដ្ឋសភា តាមសំណើរបស់ស្ថាប័នមានសមត្ថកិច្ច ដែលត្រូវជជែកពិភាក្សាគ្នាដោយហ្មត់ចត់ផងដែរ។ ម្យ៉ាងទៀត រមណីយដ្ឋាននេះក៏ក្នុងតំបន់ «ឧទ្យានជាតិ បូកគោ» ដែលកំនត់ដោយព្រះរាជក្រឹត្យ​ផងទៀត​។

សូមជំរាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃ​នេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ទីតាំងខ្លោងទ្វារនៃ រមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត ក្រោយមកប្រហែលជាង១ម៉ោងសកម្មភាពរុះរើនោះត្រូវបានបញ្ចប់ជាស្ថាពរ។

ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»៕