(ព្រះវិហារ)​៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បាន​ចុះត្រួតពិនិត្យមើលសកម្មភាពការងារ ក្រុមការងារចុះវាស់វែងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋនៅស្រុកចំនួន៣ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច៥ ក្នុងខេត្តព្រះវិហារ ព្រមទាំងបានជួបសំណេះសំណាលសួរសុខទុ​ក្ខ នាំអំណោយជាសម្ភារៈ ថ​វិកា​យកទៅប្រគល់ជូន​ជាការលើកទឹកចិត្ត​។

លោក អ៊ុន ចាន់ដា បានធ្វើការកោតសរសើរដល់ក្រុមការងារទាំង៣ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ និងអត្តសញ្ញាណកម្មក្បាលដី ក្នុងគោលបំណងបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង៥ ក្នុងខេត្តព្រះវិហារនេះ។

លោកអភិបាលខេត្ត បានបន្តទៀតថា ជាលទ្ធផលការចុះធ្វើអត្តសញ្ញាណគ្រួសារ​ និងអត្តសញ្ញាណក្បាលដី ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនដាំដំណាំអំពៅទាំង៥ ក្នុងនោះបានបំពេញសាលាកបត្រព័ត៌មានគ្រួសារ មានវិវាទបានចំនួន២២៣គ្រួសារ ក្នុងនោះគ្រួសារចំណូលស្រុកចំនួន១៣គ្រួសារ ហើយក្រុមការងារ និងបន្តធ្វើគ្រប់៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ​។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ស្រុក ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង៥ក្នុងខេត្តព្រះវិហាររួមមាន ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគ​រូបនីកម្ម និងសំណង់ អជ្ញាធរខេត្តព្រះវិហារ គេជឿជាក់ថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋទាំង៣ស្រុក និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង៥ និងបានដោះស្រាយបញ្ចប់ ដោយភាគីទាំង២ទទួលយក ដោយក្តីសប្បាយរីករាយ៕