(កំពង់ធំ)៖ បន្ទាប់ពីផ្ទុះករណីប្រជាពលរដ្ឋតំបន់ច្រកគោល ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពុលអាហារស្លាប់៧នាក់ ដែលក្នុងនោះមានមន្ត្រីបរិស្ថានម្នាក់ផងដែរនោះ នៅថ្ងៃទី២៣ ខែកញ្ញានេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះសាកសួរសុខទុក្ខ នាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋចំនួន៣៣គ្រួសារ និងណែនាំអប់រំអំពីជំនឿអរូបិយ កុំព្រួយបារម្ភ និងចង់ជំលៀសចេញពីតំបន់ច្រកតោល (តំបន់ព្រៃឡង់) នេះអី។

នាឱកាសនោះដែរ លោក សុខ លូ បានពន្យល់អប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ កុំមានការភ័យខ្លាយ ព្រួយបារម្ភនៅជំនឿអរូបិយនេះ អ្វីដែលសំខាន់នោះ បងប្អូនត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសកុំបរិភោគសាច់ដែលចម្អិនមិនឆ្អិនល្អ ត្រូវបរិភោគទឹកដាំពុះ ដែលធានាថាមានសុវត្ថិភាព មិនត្រូវប្រើប្រាស់ទឹកតាមដងអូរក្នុងព្រៃ។

លោក បន្ដថា ត្រូវប្រុងប្រយ័ត្នអំពីការយាយី ពីសត្វចម្លងជម្ងឺនានា ជាពិសេសមូសដែកគោលញី ដែលបង្ករឲ្យកើតជម្ងឺគ្រុនចាញ់ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំជានិច្ច មិនត្រូវផឹកស្រាដែលពុំមានប្រភពច្បាស់លាស់ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញ និងស្រាដែលគេទុកចោល។

លោកបានសង្កត់ធ្ងន់ថា ចំពោះជំនឿអរូបិយ មិនមែនមិនឲ្យបងប្អូនមិនជឿនោះទេ ប៉ុន្តែបងប្អូនដែលមានជម្ងឺ ត្រូវទៅពិនិត្យជម្ងឺនៅមណ្ឌលសុខភាពជាមុនសិន ហើយការពិនិត្យនេះគឺមិនមានការយកប្រាក់ពីបងប្អូនឡើយ។

ក្រោយពីបានស្តាប់នូវការពន្យល់ ណែនាំពីការពីលោក អភិបាលខេត្តរួចមក ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងបានសំដែងនូវការសប្បាយចិត្ត លែងមានការភ័យខ្លាចដូចមុន និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់ បានអប់រំណែនាំដល់ពួកគាត់ដល់មូលដ្ឋានដែលជួបបញ្ហា។

ក្នុងនោះ លោក សុខ លូ ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដោយមួយគ្រួសារទទួលបាន ថវិកា ៥ម៉ឺនរៀល អង្ករ៥០គីឡូក្រាម, មី១កេះ, ទឹកស៊ី​វ១យួរ, ត្រីខ១ឡូ, ទឹកសុទ្ធ៣កេះ, តង់១ និងមុងជ្រលក់ថ្នាំ១ផងដែរ។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋចំនួន៧នាក់ ក្នុងនោះម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថាន​ព្រៃឡង់, ៣នាក់​រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្លាប់ជាបន្ដបន្ទាប់ ដោយសារតែហូបស្រាច្រើន និងសាច់សត្វឆៅនៅក្នុងព្រៃ៕