(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងបរិស្ថាន បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ប្រាប់សាធារណជនថា ឈ្មោះប្រវត្តិសាស្រ្តរមណីយដ្ឋានភ្នំបូកគោ មិនត្រូវបានផ្លាស់ប្តូរឡើយ នេះបើយោងតាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មានទើបទទួលបានមុននេះបន្តិច។

សេចក្តីបំភ្លឺនេះគឺជាការបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានភ្នំបូកគោ ក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា «រមណីយដ្ឋានភ្នំបូកគោ ដែលមានទីតាំងស្ថិតនៅក្នុង “ឧទ្យានជាតិព្រះមុនីវង្សបូកគោ” នៅតែរក្សាឈ្មោះប្រវត្តិសាស្រ្តរបស់ខ្លួនដដែល ដោយមិនមានការផ្លាស់ប​្តូរទៅឈ្មោះផ្សេងឡើយ។ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលស្ថិតនៅភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដែលមានផ្ទៃក្រឡាសរុបចំនួន ១៥៤ ៤៥៨ ហិកតា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ហើយក្រសួងបរិស្ថានមានតួនាទីគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងឧទ្យាជាតិនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ»។

តាមរយៈសេចក្តីបំភ្លឺនេះ ក្រសួងបរិស្ថានជឿជាក់ថា សាធារណជនទាងអស់ នឹងបានជ្រួលជ្រាបអមពីគោលជំហរយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីដ្ឋានភ្នំបូកគោ ក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីដ្ឋានដទៃទៀត នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំបូកគោ ដែលជាតំបន់ប្រវត្តិសាស្រ្ត ត្រូវបានក្រុមហ៊ុនសុខា ដែលវិនិយោគលើភ្នំពេញនេះ សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាតនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋានឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ហើយបញ្ជាឱ្យប្រើប្រាស់ឈ្មោះដើម ដែលជាប្រវត្តិសាស្រ្ត។ ភ្លាមៗបន្ទាប់ពីមានបទបញ្ជានេះ អភិបាលខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅរុះរើស្លាកឈ្មោះថ្មីនោះ រួចរាល់ផងដែរ។

រមណីដ្ឋានភ្នំបូកគោ មានកម្ពស់ ១០៧៥ម៉ែត្រ ស្ថិតនៅចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត និងមានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយដ្ឋានភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ។

រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិ៕