(ភ្នំពេញ)៖ ចំពោះទីផ្សារទូរស័ព្ទមួយចំនួន មានការលក់លាយឡំគ្នារវាងទូរស័ព្ទផ្លូវការ (Authorized Product) ដែលមានការបង់ពន្ធត្រឹមត្រូវនិងធានាជាផ្លូវការពីរោងចក្រនិង ទូរស័ព្ទមិនផ្លូវការគេចពន្ធ (Unauthorized)ដែលគ្មានការធានា និងទទួលសិទ្ធិលក់ស្របច្បាប់ពីរោងចក្រ ហើយការសម្រេចចិត្តទិញសេរីទូរស័ព្ទទំនើប(Smartphone) ដែលមានតម្លៃថ្លៃ វាជាកង្វល់មួយ ចំពោះអតិថិជន ដែលត្រូវគិតពិចារណា និងស្វែងរកព័ត៌មានតាមOnline តាមហាងទូរស័ព្ទនិងតាមរយៈមិត្តភក្តិជាដើម។

យ៉ាងណាមិញ ទីផ្សារទូរស័ព្ទរបស់ប្រទេសកម្ពុជា កំពុងច្របូកច្របល់គ្នា ចំពោះការលក់ផលិតផលផ្លូវការ និងមិនផ្លូវការ ហើយចំពោះការលក់ផលិតផលមិនផ្លូវការនេះដែរ បានធ្វើឲ្យបាត់បង់ចំណូលជាតិ និងធ្វើឲ្យអ្នកវិនិយោគស្របច្បាប់ អស់ជំនឿ និងខាតបង់ប្រាក់កាក់។ ការចរាចរណ៍ផលិតផលមិនផ្លូវការកាន់ តែច្រើន វាបានបង្កការលំបាក និងគ្រោះថ្នាក់ដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ផ្ទាល់។

ដោយសារតែចង់បានចំណេញច្រើន ពីការលក់ផលិតផលមិនផ្លូវការ និងគេចពន្ធនោះ អ្នកលក់មួយចំនួនធំ បានព្យាយាមប្រើនូវវិធីសាស្រ្ត និងការក្លែងបន្លំមួយចំនួន ចំពោះអតិថិជនរបស់ខ្លួន។
ឧទាហរណ៍៖ ជាក់ស្តែង ផលិតផលរបស់ Apple ដែលកំពុងពេញនិយមដូចជា iPhone និង iPad

*តម្លៃលក់ឡើង ចុះអាស្រ័យលើមាត់អ្នកលក់ មិនមានការកំណត់ច្បាស់លាស់
*ការលក់ផលិតផលក្លែងក្លាយក្នុងប្រអប់
*ការផ្លាស់ប្តូរ Accessories ដូចជា កាស ឆ្នាំងសាក ខ្សែក្នុងប្រអប់ដោយដាក់ជំនួសរបស់ចម្លងពីចិន
*ការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ទូរស័ព្ទផ្ទាល់
*ការលក់ផលិតផល ដែលបាន Activated ហើយឬផលិតផលមួយទឹកតែកុហកថាជាផលិតផលថ្មី
*លក់ផលិតផលដែលជាប់ iCloud
*ការយកផលិតផលចាស់មកតំឡើងថ្មី សំបកថ្មី ប្រអប់ថ្មី និងកាស ឆ្នាំសាក ខ្សែរបស់យ៉ាៗ
*ផលិតផលមួយទឹកដែលកំពុងមានចរាចរណ៍នៅកម្ពុជាគឺមានច្រើនប្រភេទ តំឡើងនៅក្នុងស្រុក តំឡើងនៅក្រៅស្រុក ដោយដាក់គ្រឿងបន្លាស់មួយទឹក ឬរបស់យ៉ាៗ ដែលគ្មានការធានាត្រឹមត្រូវ
*ការហែកប្រអប់ថ្មីដោយយក Original Accessories លក់ដោយឡែក
*ការបំប៉ោងព័ត៌មានថាជា Original 100% ពី Apple និងបញ្ចុះបញ្ចូលឲ្យអតិថិជនថែមលុយពី $20-$50 ដើម្បីទទួលបានការធានាពី Apple ជា Global ឬកុហកថាមានធានានៅហុងកុង ឬ សាំងហ្គាពួ
*សួរថាតើអ្នកបានដឹងច្បាស់ទេថាទូរស័ព្ទរបស់អ្នកពិតជា Original 100%ពី Apple? ដូច្នេះ ត្រូវស្វែងយល់ អោយច្បាស់មុនសំរេចចិត្តទិញផលិតផល iPhone, iPad ឬ ផលិតផលApple និមួយៗ ព្រោះវាអាចជា ការចំណាយដោយឥតប្រយោជន៍ និងសូមសួររកការធានាដែលត្រឹមត្រូវរយៈពេលមួយឆ្នាំពី Apple និងមានបិទសញ្ញា ឬ Seal ពីរោងចក្រ ឬដៃគូអាជីវកម្មរបស់ Apple (i.e. Falcon Tech)។

មួយវិញទៀត បើយើងនៅតែបន្តទិញផលិតផល ដែលមិនស្របច្បាប់ ឬគេចពន្ធ ប្រៀបដូចជាយើងកំពុងលើកទឹកចិត្ត និងជំរុញឲ្យមានការលក់ និងចរាចរណ៍ផលិតផលខុសច្បាប់ ដែលជាចំណែកធំ ធ្វើឲ្យខាតបង់ចំណូលជាតិ ហើយក៏កំពុងយកជីវិតខ្លួនឯងផ្ទាល់ ទៅប្រថុយនឹងផលិតផល ដែលគ្មានការធានាគុណភាពត្រឹមត្រូវ៕