(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចអតីតឡូត៌លេខ៨ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើនដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញាម្សិលមិញ ដោយលោកបានបញ្ជាឲ្យ លោក​វរសេនីយ៍ទោ ស្រេង ធារី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្ត​, កម្លាំងនគរបាលអធិការដ្ឋានស្រុកកោះសូទិន, អាវុធហត្ថស្រុកកោះសូទិន​, សឹករងស្រុកកោះសូទិន ដឹកនាំដោយលោក ផេង សុផល ​អភិបាលស្រុកកោះសូទិន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងចម្រុះដកហូតបាន​ លូស្បៃមុង ចំនួន១២៥មាត់, របាំងស្បៃមុង ប្រវែង៥,៦២៥ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន២,១២៥ដើម, រ៉ាវ ចំនួន០៨មាត់, របាំងប្រវែង ៣៥០ម៉ែត្រ, បង្គោលឬស្សី ចំនួន១២០ដើម, របាំងបិទផ្ចិតព្រែក ចំនួន០៥កន្លែង, បង្គោល ចំនួន១២០ដើម, របាំងព្រួលប្រវែង៩០ម៉ែត្រ និងលបទ្រូ​ចំនួន២០ ព្រមទាំងបានប្រលែងកូនត្រី ចម្រុះសរុបជាង៦០០គីឡូក្រាមផងដែរ។

ក្រោយប្រតិបត្តិការនេះ ​ចំពោះឧបករណ៍​វត្ថុតាងមួយចំនួន បានកាប់បំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀត​យកមករក្សាទុកនៅសាលាស្រុកកោះសូទិន៕