(ក្រចេះ)៖ ក្រោយពេលសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ ជនសង្ស័យដែលច្រៀងចម្រៀងប្រមាថ កិត្តិយសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសារភាពថា រូបគេពិតជាបានច្រៀងជេរប្រមាថថ្នាក់ដឹកនាំកម្ពុជាប្រាកដមែន ហើយអះអាងថា ចម្រៀងបែបជេរប្រមាថនេះ ខ្លួនគេបាននិពន្ធឡើងតាំងពីឆ្នាំ២០១៣។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចជំនាញនៅខេត្តក្រចេះ។

លោក គុណ សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអះអាងថា នៅចំពោះមុខសមត្ថកិច្ចលោក ហ៊ុយ ឧត្តម អាយុ២៩ឆ្នាំ បាននិយាយថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទចំរៀង ក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថ ថ្នាក់ដឹកនាំ ហើយក្នុងបទ នោះដែរ រូបគេបានបង្ហោះចូលក្នុងសង្គម Facebook។ ក្រោយមកទៀត រូបគេបានឈប់ Post ប៉ុន្តែមានមិត្តភក្តិលើ Facebook មួយចំនួនជាអ្នករក្សា វីដេអូនេះទុក រួចបង្ហោះបន្ត លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧​ មាន Facebook មួយមានឈ្មោះ កែម ឡីទី១០០០០ ក៏បានយកវីដេអូនេះ មកបង្ហោះម្តងទៀតតែ​ម្តង។

សូមបញ្ជាក់ថា នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ​ បានឃាត់ខ្លួនបុរសម្នាក់​ នៅស្រុកកំណើតប្រពន្ធ របស់ជនសង្ស័យ នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តករចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម​ Facebook។ បុរសម្នាក់នោះមានឈ្មោះ​ ហ៊ុយ​ ឧត្ដម​ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច ក៏គ្រោងនឹងបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការផងដែរ បន្ទាប់ពីបញ្ចប់ការសួរនាំរួចរាល់៕