(កំពង់ធំ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១លាននាក់ បានធ្វើដំណើរទៅមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋាន ទេសចរណ៍នានា​ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដែលទើបត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរមិនចាញ់តំបន់អង្គរ-សៀមរាប ឬតំបន់ដទៃទៀតប៉ុន្មានដែរ។

ធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំ ប្រមាណ២៧គីឡូម៉ែត្រ យើងនឹងទៅដល់តំបន់ប្រាសាទសំបូរព្រៃគុកដ៏ស្រស់ត្រកាលនេះ ជាមួយសំឡេងខ្ញៀវខ្ញារកងរំពង ពេញប្រឹក្សព្រៃដ៏ខៀវស្រងាត់ នោះគឺវត្តមានដ៏កុះកររបស់ភ្ញៀវទេសចរដែលដើរកម្សាន្ត និងអាជីវករលក់ដូរនៅទីនោះ។

ចូលដល់រាជធានីបុរាណនេះភ្លាម យើងនឹងឃើញប្រាង្គប្រាសាទតូចធំនានា នៃក្រុមប្រាសាទសំបូរ ឈររំលេចសោភ័ណអមសង្ខាងផ្លូវលំមួយខ្សែ។ តាមទម្លាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាដំបូងគេតែងចុះទៅអុចធូបគោរពបួងសួងបន់ស្រន់នៅមុខអាស្រមឥស្សីតូចមួយ ស្ថិតនៅខាងឆ្វេងដៃ មុននឹងចូលទៅទស្សនាកន្លែងផ្សេងទៀត។

គយគន់ក្រុមប្រាសាទសំបូរអស់ បន្តទៅទិសខាងត្បូងឈៀងខាងលិចបន្តិច គេនឹងឃើញប្រាសាទមួយក្រុមទៀត ដែលខ្លះមានសភាពបាក់បែកសល់តែគ្រឹះ ខ្លះសល់តែជញ្ជាំង ចំណែកខ្លះទៀតនៅមានសភាពល្អនៅឡើយ នោះគឺក្រុមប្រាសាទតោ ដែលមានប្រាង្គកណ្ដាលធំខ្ពស់ត្រដែត មានរូបចម្លាក់តោមួយគូ ឈរយាមមុនប្រាសាទបែរមុនទៅទិសខាងកើត បង្អួតរាងយ៉ាងសង្ហាសំញ៉ែងភ្នែកទេសចរឲ្យចង់នែបនិត្យប្រគៀកប្រកើយ ស្ទាបអង្អែល និងបញ្ជ្រៀតគ្នាសុំថត ជាមួយរូបចម្លាក់ដ៏ប្រិមប្រិយគប់នេត្រាមួយគូនេះ។ បន្ទាប់មកក៏នាំគ្នាបង្ហោះផ្សព្វផ្សាយលើគណនី Facebook រៀងៗខ្លួន ប៉ុន្តែគ្រាន់តែល្បឿនសេវាអ៊ីនធឺរណេតរាងយឺតបន្តិច។

កុំថាឡើយតែប្រជាពលរដ្ឋខ្មែរ សូម្បីតែភ្ញៀវបរទេសក៏ឈរសម្លឹងពិនិត្យរូបចម្លាក់តោមួយគូនោះមិនដាក់ភ្នែកឡើយ ដែលកាយវិការបែបនេះហាក់បង្ហាញ ពីការស្ញើចសរសើរនូវស្នាដៃដ៏ប៉ិនប្រសព្វរបស់បុព្វបុរសខ្មែរ នាសម័យបុរាណ ដែលនៅប្រទេសរបស់ពួកគេសឹងតែគ្មានបែបនោះផង បើគិតនៅកាលវេលាដូចគ្នា កាលពីរាប់ពាន់ឆ្នាំកន្លងមកនោះ។

ពិតណាស់ថា ពួកគេបានពឹងគ្នាទៅវិញទៅមក ដើម្បីឈរ ឬអង្គុយថតរូបជាមួយរូបចម្លាក់តោខាងលើពីចំហៀង ពីមុខ ពីក្រោយ អមជាមួយខ្លោងទ្វារ និងប្រាង្គប្រាសាទតោទាំងមូលនៅផ្ទៃខាងក្រោយ (Background)។ នេះជាជ្រុងពិសេសមួយ ក្នុងចំណោមភាពទាក់ទាញដទៃទៀត ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ តាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដ៏ល្អវិចិត្រនេះ។

ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ភ្ញៀវទេសចរសឹងគ្រប់គ្នាបានលួចខ្សឹបខ្សួរងឿងឆ្ងល់ចំពោះការបាត់បង់រូបចម្លាក់តោពីរគូទៀត ដែលឃើញសល់តែដង្គត់ក្រញាំឈរយាមខ្លោងទ្វារខាងជើង និងខាងត្បូង ដោយឡែកខ្លោងទ្វារខាងលិច (ខាងក្រោយ) គេមិនឃើញរូបចម្លាក់អ្វីសម្រាប់ឈរយាមដូចនៅខ្លោងទ្វារខាងកើត (ខាងមុខ) ខាងជើង និងខាងត្បូងឡើយ ពោលមានតែសសរពេជ្រ។ ប៉ុន្តែទោះជាយ៉ាងណា ទាំងភ្ញៀវជាតិ និងអន្តរជាតិបានទទូចសុំឲ្យថែរក្សារូបចម្លាក់តោនៅខ្លោងទ្វារខាងកើតនោះឲ្យគង់វង់រហូតទៅ ហើយបើអាចសូមអាជ្ញាធរជួយតាមស្វែងរករូបចម្លាក់តោទាំងពីរគូទៀត ដែលបាត់នោះមកវិញផង។

អ្វីដែលមនុស្សភាគច្រើនស្មានមិនដល់នោះត្រង់ថា តំបន់ប្រាសាទសំបូរព្រៃគុកមានឈ្មោះដើមថា «ឥសានបុរៈ» ត្រូវបានសាង់សង់ឡើងក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័ន នាអំឡុងសម័យចេនឡា ប៉ុន្តែក្រុមប្រាសាទតោនេះ មិនសាងសង់ក្នុងសម័យចេនឡាដូចក្រុមប្រាសាទដទៃទេ គឺសាងសង់ឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ នាដើមសម័យអង្គរ បន្ទាប់ពីព្រះអង្គរំដោះទឹកដីចេនឡាទឹកចេញពីការត្រួតត្រារបស់ពួកជ្វា នៃចក្រភពស្រីវិជ័យ (Sri Vichaiya) ដោយសារក្រុមបុរាណវិទូ បានស្រាវជ្រាវឃើញសសរពេជ្រ នៅខ្លោងទ្វារទាំងបួន នៃប្រាង្គប្រាសាទតោ មានសណ្ឋានជា៨ជ្រុង ដោយឡែកនៅប្រាសាទដទៃ គឺសសរពេជ្រមានរាងមូលទាំងអស់ ព្រមទាំងភស្តុតាងមួយចំនួនទៀត ដែលបញ្ជាក់ថា ប្រាសាទតោមិនមែនសាងសង់ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ននោះទេ គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សទី៩។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងក្រាខូវ ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕