(ភ្នំពេញ)៖ តាមរយៈសារលិខិតមួយ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ ចូលរួមទប់ទល់រាល់ឧបាយកលទុច្ចរិត និងការប៉ុនប៉ងតាមគ្រប់រូបភាព ក្នុងគោលបំណងធ្វើឱ្យ ប្រទេសកម្ពុជា ធ្លាក់ក្នុងភាពវឹកវរ និងអស្ថិរភាព ជាថ្មីម្តងទៀត។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារលិខិត ផ្ញើជូនចំពោះជនរួមជាតិខ្មែរ ដើម្បីអបអរសាទរ ដល់ទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្របពេលដែលតុលាការ កំពុងបើកការស៊ើបអង្កេត នៅក្នុងសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ក្រោមការឃុបឃិតជាមួយបរទេស។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ក្នុងស្មារតីថែរក្សាសន្តិភាពរបស់ជាតិយើង ទូលព្រះបង្គំ សូមអំពាវនាវដល់ជនរួមជាតិទាងអស់ ចូលរួមក្នុងការថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើឱ្យ ប្រទេសធ្លាក់ក្នុងសភាពវឹកវរ និងអស្ថិរភាព»

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រាជដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារសន្តិភាពនេះ ព្រោះថាសន្តិភាពដែលយើងបានមកនេះ គឺជាសេចក្តីសុខរួមសម្រាប់យើងទាំងអស់គ្នា។ អតីតកាលរបស់យើងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ យើងខ្លោចផ្សារណាស់ យើងរងទុក្ខវេទនារួមគ្នា ដូច្នេះសម្រាប់អនាគតខាងមុខកម្ពុជា ត្រូវរក្សាសន្តិភាព ឱ្យខាងតែបានទោះដោយតម្លៃណាក៏ដោយ៕