(ភ្នំពេញ)​៖ លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​Fresh News នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នេះ​ថា​ តាម​ស្មារតី​សាលាឧទ្ធរណ៍​ គឺ​ចង់​ឱ្យ​មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ចូលរួម​សវនាការ​ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ខាងមុខ​នេះ​ ប៉ុន្តែលោកបញ្ជាក់ថា ​ប្រសិន​បើ​គ្មាន​វត្តមាន​ជនត្រូវចោទ​នៅថ្ងៃនោះ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ​ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ពាក់ព័ន្ធនឹងការស្នើ​សុំ​នៅ​ក្រៅ​ឃុំ​តែប៉ុណ្ណោះ​ ។

លោក​ ទូច​ ថារិទ្ធិ​ បានបន្តថា​ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ របស់​ជនត្រូវចោទ​ កឹម​ សុខា​ គឺ​ជា​សមត្ថកិច្ច​របស់​អគ្គនាយក​ពន្ធនាគារ​ ជា​អ្នក​ទទួល​ខុសត្រូវ​ ហើយ​ការ​សួរ​ដេញដោល​នេះ​ គឺ​ពុំ​ចាំបាច់​ធ្វើឡើងចំពោះ​មុខ​ជនត្រូវចោទទេ,​ ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ អាច​សម្រេច​អំពី​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ទោះអវត្តមានជនត្រូវចោទក៏ដោយ​ ។

សូមបញ្ជាក់ថា អគ្គនាយក​ពន្ធនាគារ​ កាលពី​ថ្ងៃទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ បានធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍​ ដែល​រៀប​រាប់​ថា​ «ក្នុង​ការ​ចាត់ចែង​នាំ​ជនត្រូវចោទ​កឹម​ សុខា​ មក​សាលាឧទ្ធរណ៍​ដើម្បី​បើក​ការ​ពិភាក្សា​ដេញដោល​នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ អគ្គនាយក​ពន្ធនាគារ​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ នៅ​ពេល​ដឹក​ជញ្ជូន​ក៏​ដូច​ជា​ ពេល​មាន​វត្តមាន​នៅ​សាលាឧទ្ធរណ៍»។​ អគ្គនាយក​ពន្ធនាគារ​ ស្នើ​ឱ្យ​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍​ ពិនិត្យ​បញ្ហា​នេះ​។

ទោះជាយ៉ាងណា លោក​ សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក​កឹម​ សុខា​ បានថ្លែង​ថា​ ក្រុម​មេធាវី​ចង់​ឱ្យ​សាលាឧទ្ធរណ៍​សម្រេច​បញ្ជូន​ លោក​ កឹម​ សុខា​ មក​ចូលរួម​សវនាការ​។​ លោក​មេធាវី​ថា​ «ការ​ព្រួយបារម្ភ​របស់​ពន្ធនាគារ​ គឺ​ មិន​ត្រឹមត្រូវ​ទេ​ ការ​រក្សា​ការពារ​សន្តិសុខ​ សុវត្ថិភាព​ របស់​ជនត្រូវចោទ​ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​ជា​គោលការណ៍​ច្បាប់​សវនាការ​ គួរ​តែ​មាន​វត្តមាន​ជនត្រូវចោទ​»​

គួររម្លឹកថា លោក កឹម សុខា ត្រូវបាន លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស ​«ក្បត់​ជាតិ​» ដែល​បទល្មើសនេះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ លោក​ កឹម​ សុខា​ ត្រូវបានតុលាការចោទប្រកាន់​ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​ ៕